ភ្នំពេញ៖ ការវិភាគថ្មីមួយដែលធ្វើឡើងដោយអង្គការសង្គ្រោះកុមារ (Save the Children) និងអង្គការយូនីសេហ្វ (UNICEF) បានបង្ហាញថាប្រសិនបើពុំមានការចាត់វិធានការបន្ទាន់នោះទេ ចំនួនកុមារនៅក្នុងគ្រួសារក្រីក្រនៅបណ្តាប្រទេសចំណូលទាប និងមធ្យម អាចកើនឡើងចំនួន១៥ភាគរយ រហូតដល់ ៦៧២លាននាក់។
ការសិក្សាថ្មីដែលបានបង្ហាញពីបញ្ហាដ៏គួរឱ្យបារម្ភដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩ នៅលើពិភពលោកនេះ ក៏បានចែករំលែកនូវគន្លឹះឆ្លើយតបនឹងបញ្ហា របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងផលប៉ះពាល់នៃជំងឺ នេះផងដែរ ។
ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩អាចរុញច្រានកុមារ ៨៦ លាននាក់បន្ថែមទៀតឱ្យធ្លាក់ចូលក្នុងភាពក្រីក្រនៅត្រឹមចុងឆ្នាំ២០២០ ដោយកើនឡើងចំនួន ១៥ ភាគរយ នេះបើតាមការវិភាគថ្មីមួយដែលចេញផ្សាយនៅថ្ងៃនេះ ដោយការិយាល័យកណ្ដាលរបស់អង្គការសង្រ្គោះកុមារ និងអង្គការយូនីសេហ្វ។
ការវិភាគនេះបង្ហាញថា ប្រសិនបើពុំមានការចាត់វិធានការបន្ទាន់ ដើម្បីការពារគ្រួសារពីភាពលំបាកលំបិនផ្នែកហិរញ្ញវត្ថុដែលបង្កឡើងដោយសារការរាតត្បាតជាសកលនោះទេ ចំនួនកុមារដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងបណ្តាប្រទេសចំណូលទាប និងមធ្យម អាចកើនឡើងរហូតដល់៦៧២លាននាក់ គិតត្រឹមចុងឆ្នាំនេះ។ ជិត ២ភាគ៣ នៃកុមារទាំងនេះរស់នៅអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក និងអាស៊ីខាងត្បូង។
នៅមុនពេលដែលមានការរាតត្បាតជាសកល កុមារ ២ភាគ៣ នៅក្នុងពិភពលោក ពុំបានទទួលសេវាគាំពារសង្គម ទោះជាក្នុងទម្រង់អ្វីក៏ដោយនោះឡើយ ដែលធ្វើឱ្យគ្រួសាររបស់ពួកគេពុំអាចទ្រាំទ្រនឹងវិបត្តិហិរញ្ញវត្ថុបានឡើយ និងធ្វើឱ្យពួកគេត្រូវបន្តធ្លាក់ចូលទៅក្នុងវដ្តនៃភាពក្រីក្រតជំនាន់។ មានកុមារតែ ១៦ ភាគរយប៉ុណ្ណោះនៅអាហ្វ្រិកដែលត្រូវបានគ្របដណ្ដប់ដោយសេវាគាំពារសង្គម ។
កុមាររាប់រយលាននាក់នៅបន្តរស់នៅក្នុងភាពក្រីក្រពហុសមាសភាគមានន័យថាពួកគេខ្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាព សេវាអប់រំសេវាអាហារូបត្ថម្ភត្រឹមត្រូវ ឬលំនៅឋានសមស្រប ដែលជារឿយៗ នេះគឺជាការឆ្លុះបញ្ចាំងពីការវិនិយោគពុំមានសមធម៌របស់រដ្ឋាភិបាលលើសេវាសង្គម។
ដើម្បីឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់នៃជំងឹកូវីដ១៩ លើកុមារមកពីគ្រួសារក្រីក្រ អង្គការសង្រ្គោះកុមារ និងអង្គការយូនីសេហ្វ អំពាវនាវឱ្យមានការពង្រីកប្រព័ន្ធ និងកម្មវិធីគាំពារសង្គម ក្នុងទ្រង់ទ្រាយធំឱ្យបានរហ័សដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ កម្មវិធីផ្ដល់អាហារតាមសាលារៀន និងកម្មវិធីផ្សេងៗទៀតដែលផ្ដល់ប្រយោជន៍ដល់កុមារ ដែលទាំងនេះសុទ្ធតែជាការវិនិយោគដ៏សំខាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ផ្នែកហិរញ្ញវត្ថុ និងជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យប្រទេសនានាអាចត្រៀមខ្លួនទប់ទល់នឹងវិបត្តិដែលកើតមាននាពេលអនាគត ។
រដ្ឋាភិបាលក៏ត្រូវវិនិយោគលើសេវាគាំពារសង្គមក្នុងទម្រង់ផ្សេងទៀត លើគោលនយោបាយសារពើពន្ធ អន្តរាគមន៍ផ្នែកការងារ និងមុខរបរនិងអន្តរាគមន៍ខាងទីផ្សារការងារ ដើម្បីគាំទ្រដល់គ្រួសារ។ នេះរួមមានការពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងសេវាផ្សេងទៀតឱ្យបានជាសកល និងការវិនិយោគលើគោលនយោបាយដែលបង្កភាពងាយស្រួលដល់គ្រួសារ ដូចជា ការឈប់សម្រាកដែលមានប្រាក់ឈ្នួល និងការថែទាំកូនជាដើម។
ចាប់តាំងពីពេលដែលមានករណីជំងឺកូវីដ១៩មក រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពកម្មវិធីគាំពារសង្គមរបស់ខ្លួន ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្មី ដែលផ្ដោតលើគ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ បានទទួលការឯកភាព ហើយគ្រោងនឹងប្រកាសចាប់ផ្ដើមអនុវត្តនៅដើមខែមិថុនា ឆ្នាំ២០២០។
ដោយមានការគាំទ្រពីយូនីសេហ្វ សហភាពអឺរ៉ុប ទីភ្នាក់ងារSida អង្គការGIZ និងអ្នកផ្ដល់ជំនួយផ្សេងទៀត កម្មវិធីនេះមានគោលបំណងគ្របដណ្ដប់លើប្រជាពលរដ្ឋប្រមាណ ៥៤០.០០០ គ្រួសារ ដែលកំពុងរស់នៅក្នុងភាពក្រីក្រ (ត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ) ឬស្មើនឹងប្រជាជនជាង ២,២ លាននាក់។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុតរាប់បញ្ចូលទាំងតម្រូវការរបស់កុមារអាយុពី ០–៥ ឆ្នាំ ជនមានពិការភាពចាស់ជរា និងអ្នកដែលរស់នៅជាមួយនឹងមេរោគអេដស៍/ជំងឺអេដស៍។
កម្មវិធីនេះនឹងផ្ដល់ថវិកាបន្ថែមទៅលើកម្មវិធីដែលមានស្រាប់ ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុ ០–២ ឆ្នាំនិងកម្មវិធីផ្ដល់អាហារូបករណ៍ដល់កុមារដែលកំពុងរៀននៅបឋមសិក្សា និងមធ្យមសិក្សា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។លោកស្រី លោកស្រីហិនរីតា ហ្វ័រ (Henrietta Fore) នាយិកាប្រតិបត្តិយូនីសេហ្វបានមានប្រសាសន៍ថា៖ “ការរាតត្បាតជាសកលនៃមេរោគកូរ៉ូណាបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសង្គមដែលមិនធ្លាប់កើតមានកន្លងមក ដែលធ្វើឱ្យគ្រួសារនានាទូទាំងសកលលោកត្រូវបាត់បង់ធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទំហំ និងកម្រិតស៊ីជម្រៅនៃការលំបាកលំបិនផ្នែកហិរញ្ញវត្ថុរបស់គ្រួសារទាំងនេះ បង្កការគំរាមកំហែង ធ្វើឱ្យបាត់បង់វឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់កុមារ និងធ្វើឱ្យកុមារពុំបានទទួលសេវាចាំបាច់សំខាន់ៗ។
ប្រសិនបើពុំមានការចាត់វិធានការរួមគ្នានោះទេ គ្រួសារដែលរកចំណូលបានមិនទាំងអាចចម្អែតក្រពះបានផងនោះ អាចត្រូវបានរុញច្រានឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ហើយគ្រួសារដែលក្រីក្រជាងគេអាចប្រឈមនឹងការលំបាកក្នុងកម្រិតដែលគេមិនធ្លាប់បានឃើញរាប់ទសវត្សរ៍កន្លងមកនេះ” ៕ដោយ៖ហេង នរិន្រ្ទ