អន្តរជាតិ៖លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់(RDIF)របស់រុស្ស៊ី បានឲ្យដឹងថា បានទទួលសំណើ ពីអាមេរិក និងអឺរ៉ុប សហការដើម្បីផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ។
លោក Kirill Dmitriev បានឲ្យដឹងថា « មានក្រុមហ៊ុន ឯកជន និងមូលនិធិវិនិយោគអឺរ៉ុបនិងអាមេរិក បានស្នើដល់ RDIF របស់រុស្ស៊ី សហប្រតិបត្តិការផលិតវ៉ាក់សាំង Sputnik V »។
លោក Kirill Dmitriev បានបន្តទៀតថា នៅទីបំផុត អាមេរិក និងអឺរ៉ុប បានយល់យ៉ាងច្បាស់ពី វ៉ាក់សាំងរបស់រុស្ស៊ីមានប្រសិទ្ធភាព និង សុវត្ថិភាពកម្រិតណា ។
សារព័ត៌មាន TASS បានដកស្រង់សំដីលោក Kirill Dmitriev បានបញ្ជាក់ថា «នៅពេលនេះខ្ញុំមិនទាន់ អាចនិយាយបានច្រើនជាងនេះ ប៉ុន្តែនឹងមានការប្រកាសពាក់ព័ន្ធខាងលើ នៅពីរសប្តាហ៍ខាងមុខ»។
លោកKirill Dmitriev បញ្ជាក់ថា កន្លងមកមានយុទ្ធនាការបង្ខូច បំប៉ោងព័ត៌មានពីប្រទេសលោកខាងលិច ពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្ស៊ីថា គ្រោះថ្នាក់ និងមិនមានប្រសិទ្ធភាពជាដើម។
នៅពេលនេះវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទទួលបានការបញ្ជាទិញពី ២៥ប្រទេស ជុំវិញពិភពលោក។ ក្រៅពីនេះក៏មាន ៣០ប្រទេសផ្សេងទៀតចាប់អារម្មណ៍ផងដែរ ។ ជាមួយគ្នានេះដែរ វ៉ាក់សាំងរបស់រុស្ស៊ីបានបញ្ជូនទៅកាន់តំបន់ ជាច្រើនក្នុងប្រទេសរុស្ស៊ី ដើម្បីចាក់បង្ការដល់ពលរដ្ឋ ៕ដោយ៖ធី រីណា