អន្តរជាតិ៖ បន្ទាប់ពីសកម្មជនបរិស្ថាន បានធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) នៅខាងក្រៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទទី២១ ខែកញ្ញាថ្មីៗនេះ ដោយពួកគេបានកាន់បដាដែលសរសេរថា «ប្រទេសប្រេស៊ីលឡោមព័ទ្ធដោយអណ្តាតភ្លើង និងប្រឈមមុខនឹងការអស់ព្រៃឈើនាពេលអនាគត» ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការថែរក្សាព្រៃត្រូពិច ដែលអ្នកវិទ្យាសាស្ត្រយល់ថា មានសារៈសំខាន់បំផុតក្នុងការទប់ស្កាត់បញ្ហាប្រែប្រួលអាកាសធាតុ។មិនតែប៉ុណ្ណោះពួកគេក៏បានស្តីបន្ទោស លោក Bolsonaro ថាបានគាំទ្រអ្នកចិញ្ចឹមសត្វខុសច្បាប់ និងអ្នករកស៊ីដីធ្លីដែលបានដុតបំផ្លាញព្រៃឈើជាច្រើនកន្លែង ក្នុងគោលបំណងបង្កើនតម្លៃដីរបស់ខ្លួន សម្រាប់ការប្រើប្រាស់លើវិស័យកសិកម្មផងដែរ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៣ខែកញ្ញា ឆ្នាំ២០២០នេះ បាននិយាយថា ក្រោយការរិះគន់នោះបានផ្ទុះឡើងប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃអង្គារទី២២ ខែកញ្ញាម្សិលមិញនេះបានច្រានចោលការរិះគន់ពីអន្តរជាតិចំពោះគោលនយោបាយបរិស្ថាននៃរដ្ឋាភិបាលរបស់លោក នៅក្នុងពេលថ្លែងសុន្ទរកថាដែលត្រូវបានថតទុកជាមុន ទៅកាន់សម័យប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ពីចំងាយ។
ប្រធានាធិបតីប្រេស៊ីលរូបនេះ បានច្រានចោលការចោទប្រកាន់ខាងលើនេះនិងបាននិយាយថា «កសិកម្មប្រេស៊ីលបានចិញ្ចឹមមនុស្សមួយពាន់លាននាក់នៅលើពិភពលោក ហើយប្រទេសប្រេស៊ីល មានច្បាប់ការពារបរិស្ថានដ៏ល្អបំផុត»។ លោកប្រធានាធិបតីបានបន្ថែមទៀតថា«យើងនៅតែជាជនរងគ្រោះនៃយុទ្ធនាការដ៏ឃោរឃៅបំផុត ពីសំណាក់ព័ត៌មានមិនពិតអំពីព្រៃ អាម៉ាហ្សូណ (Amazon) និង ផាន់ថាណាល់(Pantanal)»។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Bolsonaro បានបង្ហាញពីផ្នត់គំនិតរបស់ខ្លួនថា ការរិះគន់ទៅលើគោលនយោបាយបរិស្ថាន គ្រាន់តែជាការបិទបាំងនៃចរិតគាំពារនិយមនៅក្នុងទ្វីបអ៉ឺរ៉ុបប៉ុណ្ណោះ ដែលជាកន្លែងប្រជាកសិករអឺរ៉ុបយល់ឃើញថា ប្រេស៊ីលគឺជាដៃគូប្រកួតប្រជែង និងអាជីវកម្មដែលបានគំរាមគំហែង លើការធ្វើពហិកាផលិតផលពីប្រទេសប្រេស៊ីល ។ ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលរបស់លោក នៅតែប្តេជ្ញាចិត្តក្នុងការស្វែងរក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូង (Mercosur) ដដែល៕ដោយ៖ស តារា