ប្រទេសមីយ៉ាន់ម៉ា ៖ ដូចព័ត៌មានផ្សព្វផ្សាយហើយអំឡុងពេលដែលប្រទេស មីយ៉ាន់ម៉ា រង គ្រោះ ធម្មជាតិយ៉ាងធ្ងន់ធ្ងរពីគ្រោះ រញ្ជួយដី កម្រិត ៧,៧ រ៉ិចទ័រកាលពីថ្ងៃសុក្រទី២៨ ខែ មីនា ឆ្នាំ ២០២៥ ប៉ុន្តែដុំថ្មមាសដ៏ធំនៅលើវត្ត Kyaiktiyo បែរជាឈរជាប់នៅរឹងមាំដដែល។ #ដុំថ្មមាស ឬ #Golden_Rock គឺជាកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយនៅក្នុងរដ្ឋ Mon ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមប្រភព Bhudist and ។
ដុំថ្មនេះបានរៀបចំឡើងនៅលើកំពូលភ្នំ ជាថ្មក្រានីតគ្របដណ្តប់ដោយសន្លឹកមាសបិទភ្ជាប់ដោយបុព្វបុរសភូមាទុកគោរពបូជា។ យោងតាម រឿងព្រេងបុរាណថា ថ្ម មាស នេះត្រូវ បាន គេ ដាក់ នៅ លើ សរសៃ កេសារបស់ ព្រះ សម្មាសម្ពុទ្ធ។ ជាថ្មដែលមានលំនឹងហាក់ដូចជាទប់ជាប់នឹងទំនាញផែនដី ព្រោះវាហៀបនឹងរមៀលចុះពីលើភ្នំទៅហើយ ប៉ុន្តែបែរជាមិនធ្លាក់ទៅវិញ។ វាជាទីកន្លែងធម្មយាត្រាព្រះពុទ្ធសាសនាដ៏សំខាន់បំផុតទីបីនៅក្នុងប្រទេសភូមា បន្ទាប់ពីវត្ត Shwedagon និងវត្ត Mahamuni ។
ករណីរញ្ជួយដីនេះ អាម៉េរិក បញ្ជូនក្រុមអ្នកជំនាញទៅមីយ៉ាន់ម៉ា ក្រោយគ្រោះរញ្ជួយដី ។
អាម៉េរិក នៅថ្ងៃទី៣១ ខែមីនា បានចូលរួមជាមួយបណ្តាប្រទេសផ្សេងទៀត លើការបញ្ជូនក្រុមសង្រ្គោះបន្ទាន់ទៅជួយមីយ៉ាន់ម៉ា ដើម្បីរុករកប្រជាជន ក្រោយរញ្ជួយដីកម្រិត ៧,៧ រិចទ័រ។ ទន្ទឹមនេះ អាម៉េរិក បានប្រកាសផ្តល់ជំនួយទៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះទំហំ ២លានដុល្លារ។
មកទល់ពេលនេះ អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់ ២ ០៥៦នាក់ និងរបួសប្រមាណ ៣ ៩០០នាក់ ហើយមនុស្ស ២៧០នាក់បន្តបាត់ខ្លួន។ នេះបើតាមការប្រកាសរបស់របបសឹក នៅថ្ងៃទី៣១ ខែមីនា។ ដើម្បីកាន់ទុក្ខជនរងគ្រោះ យោធាមីយ៉ាន់ម៉ា ប្រកាសបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលដង។
ចំណែកអង្គការអន្តរជាតិដូចជា អង្គការសុខភាពពិភពលោក បានស្វះស្វែងរកថវិកាចំនួន ៨ លានដុល្លារ ដើម្បីការពារជីវិតមនុស្ស និងទប់ស្កាត់ជំងឺឆ្លងក្នុងរយៈពេល ៣០ថ្ងៃ។ ចំណែកអង្គការកាកបាទក្រហម បានអំពាវនាវរកជំនួយចំនួន ១០០លានដុល្លារ ដើម្បីជួយជនរងគ្រោះនៅមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ជំនួយរបស់អាម៉េរិកនេះ ធ្វើឡើងក្រោយការសន្យារបស់លោកដូណាល់ ត្រាំ ដែលចាត់ទុកគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ជាមហន្តរាយដ៏អាក្រក់៕
ដោយ ៖ សិលា