ព័ត៌មានទាន់ហេតុការណ៍៖

ស្រីលង្ការ បញ្ជូនសំរាមចំនួន២៤២កុងតឺន័រ ដែលមានលក្ខណៈគ្រោះថ្នាក់ត្រឡប់ទៅអង់គ្លេសវិញ

ចែករំលែក៖

    អន្តរជាតិ៖ បន្ទាប់ពីមានការប្តឹងប្តល់ក្នុងតុលាការអស់រយៈពេល២ឆ្នាំ ដោយសកម្មជនការពារបរិស្ថានជាអ្នកចេញមុខទាមទារឲ្យបញ្ជូនសំរាមទៅវិញ។នៅថ្ងៃទី៣១ តុលា ឆ្នាំ២០២០ តាមដីការបស់តុលាការស្រីលង្ការ បានបង្គាប់ឲ្យមន្រ្តីជំនាញចាប់ផ្តើមបញ្ជូនសំរាមដែលមានលក្ខណៈគ្រោះថ្នាក់ចំនួន២៤២កុងតឺន័រ ត្រឡប់ទៅអង់គ្លេសវិញ

បើយោងតាមសារព័ត៌មាន AFP ដែលបានដកស្រង់សម្តីលោកSunil Jayaratne មន្ត្រីគយស្រីលង្ការ ថា៖ ដីការបស់តុលាការស្រីលង្ការបានបង្គាប់ឲ្យក្រុមហ៊ុនបញ្ជូនត្រឡប់ទៅវិញ សម្រាមវេជ្ជសាស្ត្រចំនួន២០កុងតឺន័រនិងសំរាមចំនួន៦៥កុងតឺន័រផ្សេងទៀតនៅសប្តាហ៍ក្រោយ។ លោកSunil Jayaratne មន្ត្រីគយស្រីលង្ការរូបនេះ បន្ថែមថា សំរាមទាំងអស់នោះ នឹងត្រូវបញ្ជូនទៅកាន់តែឆាប់បើសិនជាមាននាវា។

ជាក់ស្តែងកាលពី២សប្តាហ៍មុន តុលាការស្រីលង្ការ បានចេញដីកាបង្គាប់ឲ្យបញ្ជូនទៅវិញនូវរាល់កាកសំណល់ជីវសាស្ត្រដែលចេញពីមន្ទីរពេទ្យ និងផ្លាស្ទិកដែលត្រូវបាននាំចូលដោយខុសច្បាប់ចូលស្រីលង្ការ។ តុលាការអះអាងថាការនាំចូលសំរាមទាំងអស់នោះបំពានច្បាប់ក្នុងស្រុក និងច្បាប់អន្តរជាតិស្តីពីការនាំចេញតាមនាវា។ ខណៈស្រីលង្ការ មិនខុសពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត បានរួមគ្នាលែងទទួលយកសម្រាមពីបណ្តារប្រទេសអ្នកមាន និងចាប់ផ្តើមបញ្ជូនសំរាមទាំងនោះទៅវិញ។

សូមជម្រាបថា សំរាមចំនួន២៤២កុងតឺន័រត្រូវបាននាំចូលអំឡុងឆ្នាំ២០១៧និង២០១៨។ ក្រោយការនាំចូលសម្រាមនោះ អង្គការការពារបរិស្ថាន(CEJ) បានដាក់ញត្តិទៅតុលាការ ស្នើសុំឲ្យតុលាការស្រីលង្ការចេញដីកាមិនទទួលយកសម្រាមនោះ។សំរាមទាំងនោះ ត្រូវបានមន្ត្រីគយស្រីលង្ការរកឃើញ នៅកំពង់ផែColombo និងនៅតំបន់ពាណិជ្ជកម្មក្បែររដ្ឋធានីស្រីលង្ការ។

មន្ត្រីគយស្រីលង្ការ មិនបរិយាយពីប្រភេទសំរាមទាំងអស់នោះទេ ប៉ុន្តែបានបញ្ជាក់ថាមានសំរាមប្រភេទគ្រោះថ្នាក់ដូចជា៖ វេជ្ជសាស្ត្រសំណល់មនុស្សនិងសម្រាមជីវសាស្ត្រ។

ចំពោះរឿងសំរាមនេះ អាជ្ញាធរគយអះអាងថា កុងតឺន័រទាំងនោះត្រូវបាននាំចូលដោយខុសច្បាប់អន្តរជាតិស្តីពីសម្រាមគ្រោះថ្នាក់ ដែលរួមមានផ្លាស្ទិកផងដែរ។ កាលពីឆ្នាំមុន រដ្ឋាភិបាលស្រីលង្ការបានធ្វើការស៊ើបអង្កេតសម្រាមគ្រោះថ្នាក់ចំនួន៣ពាន់តោន និងបានបញ្ជូនសម្រាមចំនួន១៨០តោន ទៅឌូបៃវិញក្នុងឆ្នាំ២០១៧ និង២០១៨។

គួរបញ្ជាក់ដែរថា ក្រៅតែពីស្រីលង្ការ ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានបញ្ជូនសំរាមរាប់រយកុងតឺន័រត្រឡប់ទៅប្រទេសដើម និងច្រានចោល លែងទទួលយកសំរាមទាំងនោះតទៅទៀត។ ព្រោះកាលពីខែកញ្ញាកន្លងទៅសំរាមចំនួន២៦០តោន មកពីប្រទេសចំនួន២១ បានបញ្ជូនត្រឡប់ទៅអង់គ្លេសវិញ ដោយរដ្ឋាភិបាលប្រទេសទាំងនោះច្រានចោលលែងទទួលយកតទៅទៀត៕

ដោយ៖ស តារា

 


ចែករំលែក៖