ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ និងបទអន្តរាគមន៍របស់លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
សូមបញ្ជាក់ថា៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន -សហភាពអឺរ៉ុបលើកទី២៣ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន -សហភាព អឺរ៉ុប លើកទី២៣ តាមរយៈប្រព័ន្ធវីដេអូ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ មានដូចខាងក្រោម៖
កិច្ចប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្ត ផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប(ឆ្នាំ២០១៨-២០២២)។ កិច្ចប្រជុំក៏បានធ្វើការផ្លាស់ប្តូរ ទស្សនៈគ្នាផងដែរលើមធ្យោបាយនិងវិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរអាចមានលទ្ធភាព បង្កើនកិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម ដូចជាការ ផ្ទុះឡើងនៃជំងឺរាតត្បាត កូវដ-១៩ និងគ្រោះអាសន្នសុខភាពសាធារណៈនានា ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត សកល ព្រមទាំងពង្រឹងថែមទៀតនូវភាពជាដៃគូដែលមានស្រាប់។
បណ្តាប្រទេសសមាជិកអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់ សហភាពអឺរ៉ុបចំពោះ មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍អាស៊ាន និងសេចក្តីប្រកាសរបស់សហភាពផ្តល់ថវិកា ចំនួន២០លានអឺរ៉ូ ដើម្បីគាំទ្រ “កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈចំពោះជំងឺ រាតត្បាតនៅអាស៊ីអាគ្នេយ៍” ដើម្បីជួយតំបន់នេះត្រៀមខ្លួនឱ្យបានកាន់តែប្រសើរថែមទៀតសម្រាប់ គ្រោះអាសន្នសុខភាពសាធារណៈ នាពេលអនាគត។ បណ្តាប្រទេសសមាជិកអាស៊ានក៏បានទទួល ស្គាល់ផងដែរអំពីសារៈសំខាន់នៃវិភាគទានរបស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់៥០០ លានអឺរ៉ូ គាំទ្រដល់យន្តការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដសាកល(COVAX) ដើម្បីពនឿននិង ពង្រីកការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងសាកល សម្រាប់ផ្គត់ផ្គង់ដល់មនុស្សជាតិគ្រប់ៗគ្នា។
កិច្ចប្រជុំបានប្តេជ្ញាបង្កើតក្របខណ្ឌជាក់ស្តែងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំការសម្រេចបានដ៏ឆាប់នូវកិច្ចព្រមព្រៀងនេះ។ កិច្ចប្រជុំបានអនុម័ត សេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាពអឺរ៉ុប ស្តីពីការតភ្ជាប់ ហើយបាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកលទ្ធភាពធ្វើសំយោគរវាង «ផែនការមេស្តីពី ការ តភ្ជាប់អាស៊ានឆ្នាំ២០២៥ – និងយុទ្ធសាស្ត្រអឺរ៉ុបស្តីពី “ការតភ្ជាប់អឺរ៉ុបនិងអាស៊ី ” ។ កិច្ចប្រជុំ ក៏បានឯកភាពគ្នា ធ្វើការឆ្ពោះទៅសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ ជ្រុងជ្រោយអាស៊ាន -សហភាពអឺរ៉ុប (CATA) ផងដែរ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរតួនាទីយ៉ាង សកម្មរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ- ១៩ និង កាត់បន្ថយ ផលវិបាកសេដ្ឋកិច្ច-សង្គមដែលបង្កឡើងដោយសារជំងឺនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះគំនិតផ្តួចផ្តើមបច្ចុប្បន្នទាំងឡាយរបស់អាស៊ាន ដើម្បីពង្រឹងការត្រៀមលក្ខណៈសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនានា នៅក្នុងពេលអនាគត។
សម្រាប់វិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -សហភាពអឺរ៉ុប ដែលឯកឧត្តម ជឿជាក់ថា ជាគន្លឹះ ដើម្បីសម្រេចបាននូវសក្តានុពលធុរកិច្ច និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់កសាងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឱ្យកាន់តែរឹងមាំថែមទៀត។
លោក បានស្វាគមន៍ការលើកកម្រិត ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន -សហភាពអឺរ៉ុប ទៅជាភាពជា ដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានសម្រេចក្នុងកិច្ចប្រជុំនេះ ដោយជឿជាក់ថា សមិទ្ធផលថ្មីនេះ នឹងជួយពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ ទៅវិញទៅមកនាពេលកន្លងមក៕
ដោយ៖ សុខ ខេមរា