អាមេរិកនិងសម្ពន្ធមិត្ត ១៣ប្រទេស ក្នុងនោះមាន អង់គ្លេស ជប៉ុន អូស្ត្រាលី… បានចេញសេចក្តីប្រកាសរួមច្រានចោលរបាយការណ៍ស្តីពីប្រភពកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក WHO ថាខ្វះទិន្នន័យសំខាន់ៗ។
នៅក្នុងសេចក្តីប្រកាសរួម អាមេរិកនិងបណ្តាប្រទេសជាសម្ពន្ធមិត្តបាន អំពាវនាវដល់អង្គការ WHO វាយតម្លៃដោយមានតម្លាភាព និងឯករាជ្យ។ សហគមន៍អឺរ៉ុបបានអំពាវនាវឲ្យអនុញ្ញាតដល់ក្រុមអ្នកស្រាវជ្រាវចូលកៀកនិងស្រាវជ្រាវបន្ថែមពីប្រភពកូវីដ-១៩។
បណ្តាញព័ត៌មាន CNN នៅថ្ងៃទី៣០ ខែមីនាបានផ្សាយថា អគ្គលេខាព័ត៌មាននៅសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់ថា ក្រោយអង្គការសុខភាពពិភពលោកប្រកាសរបាយការណ៍ស្រាវជ្រាវពីប្រភពកូវីដ-១៩ ប្រធានាធិបតីបៃឌិនបញ្ជាក់ថា ពលរដ្ឋអាមេរិកគួរតែទទួលបាន ព័ត៌មានច្បាស់លាស់ស្តីពីប្រភពកូវីដ-១៩។
លោកស្រី Psaki បានបញ្ជាក់ទៀតថា «ប្រធានាធិបតីបៃឌិន បានលើកឡើងថា ពលរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ក្រុមគ្រូពេទ្យដែលធ្វើការទាំងថ្ងៃទាំងយប់ គ្រួសារដែលបាត់បង់សមាជិកគួរតែទទួលបានព័ត៌មានច្បាស់លាស់ស្តីពីប្រភពកូវិីដ-១៩ ប្រកបដោយតម្លាភាព»។ លោកស្រីក៏បានស្នើ
ដល់ភាគីចិនផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងករណីនេះ។
មកទល់ពេលនេះមាន ប្រទេសនិងដែនដីចំនួន២១៩ បានឆ្លងកូវីដ-១៩ ដោយមានពលរដ្ឋជិត១២៩លាននាក់ឆ្លងកូវីដ-១៩ និង២,៨លាននាក់ស្លាប់។ អង្គការ WHO បានប្រកាសរបាយការណ៍១២០ទំព័រស្តីពីលទ្ធផលស្រាវជ្រាវ ដោយក្នុងនោះបញ្ជាក់ថា កូវីដ-១៩ ឆ្លងពីសត្វព្រៃ មកសត្វចិញ្ចឹម ហើយមកកាន់មនុស្ស ។ ការស្រាវជ្រាវរបស់ WHO រកមិនឃើញថា មានសត្វប្រភេទណាដែលត្រូវសត្វប្រចៀវចម្លងមេរោគនោះឡើយ។ អង្គការសុខភាពពិភពលោកក៏បានប្រកាសផងដែរថានឹងបន្តបើកការស្រាវជ្រាវ ថាតើវីរុសអាចលេចចេញពីមន្ទប់ពិសោធន៍វេជ្ជសាស្ត្ររបស់ចិនដែរឬទេ៕ ដោយ៖ ធីរីណា
រូបភាព៖ AFP/TTXVN
រូបភាព៖Reuters