ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរាជការក្រសួងបរិស្ថានសរុប៨៩៣ ចាក់វ៉ាក់សាំងដូសទី២ ថ្ងៃទី១៥-១៦និង១៧ខែមេសា ដែលជាវ៉ាក់សាំងកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ៗរូប

ចែករំលែក៖

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ថា មន្ត្រីនៃក្រសួងបរិស្ថានសរុបចំនួន ៨៩៣ រូបបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ ដូសទី២ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ សម្រាប់រយៈពេល ៣ ថ្ងៃ ក្នុងក្របខណ្ឌនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស។ 

លោកបានថ្លែងថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មន្រ្តីរាជការនៃក្រសួងបរិស្ថាន រយៈពេល៣ថ្ងៃគឺនៅថ្ងៃទី១ដល់ថ្ងៃទី៣ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងបរិស្ថានដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស ស យ ក បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ ជូនដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីដែលស្ម័គ្រចិត្តនៃក្រសួងបរិស្ថានសរុប ៨៩៣នាក់។ 

លោករដ្ឋលេខាធិការលើកឡើងបន្តថា ការចាក់វ៉ាក់សាំងនេះគឺជាការចាក់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្រ្តីរាជការគ្រប់រូប ដែលរាជរដ្ឋាភិបាលបានកំណត់ ហើយក៏ជាការចូលរួមនៅក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរួតរិតមកលើពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ។ 

លោកបានបញ្ជាក់ថា៖ «មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានបានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់គ្នាពិតជាចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ គិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រី និងប្រជាពលរដ្ឋ»។  

លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការ និងប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំទាំងអស់គ្នា និងចូលរួមក្នុងការការពារ ក៏ដូចជាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការប្រកាន់ភ្ជាប់នូវ វិធានការ ៣កុំ និង៣ការពារ ហើយនិងគោរពនិងចូលរួមអនុវត្តបទបញ្ជានានា របស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនេះ»។ 

លោក នេត្រ ភក្រ្តា ក៏បានលើកឡើងផងដែរថា អ្វីដែលជាការកត់សម្គាលរបស់មន្រ្តីរាជការនៃក្រសួងបរិស្ថាន មានការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមក្នុងការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តហើយសប្បាយរីករាយដែលទទួលបាននូវការការចាក់វ៉ាក់សាំងការពារខ្លួនបង្ការជំងឺកូវីដ-១៩នេះ។ 

លោករដ្ឋលេខាធិការប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថានបានបញ្ចាក់បន្ថែមថា វ៉ាក់សាំងមួយម្ជុលៗ ដែលយើងខ្ញុំជាមន្ត្រីរាជការបានចាក់ហើយ រហូតមកដល់ពេលេនះគឺរបងរឹងមាំសម្រាប់ការពារខ្លួន និងផ្តល់នូវទំនុកចិត្តកាន់តែខ្ពស់ថែមទៀតសម្រាប់បុគ្គលម្នាកៗដែល បានចាក់វ៉ាក់សាំងនេះ ហើយនិងខិតខំប្រឹងប្រែងធ្វើយ៉ាងណាចូលរួមអនុវត្តវិធានការសុខាភិបាលដើម្បីជួយឱ្យប្រទេសកម្ពុជារបស់យើងវិលទៅរកភាពប្រក្រតីឡើងវិញ។

លោករដ្ឋលេខាធិការបានថ្លែងថា បើទោះជាបានចាក់វ៉ាក់សាំងយ៉ាងណាក្តី ក៏មន្រ្តីរាជការទាំងអស់ មិនភ្លេចខ្លួននៅក្នុងការការពារខ្លួន ពីការការរីករាលដាលនៅក្នុងសហគមន៍ តាមរយៈ ការអនុវត្តវិធានការទាំងឡាយទាំងវិធានការសុខាភិបាល និងវិធានការមិនមែនសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។ 

ជាមួយគ្នានេះ លោករដ្ឋលេខាធិការប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌក្រសួងបរិស្ថាន បានស្នើឱ្យមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នាចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងខឿនការពារសុខភាពប្រជាជន សម្រាប់ការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ការលុបបំបាត់ ការបិទបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ គឺត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

 រាជរដ្ឋាភិបាលបានដាក់ចុះនូវបទបញ្ជា និងផែនការសកម្មភាពផ្សេងៗជាពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួម អនុវត្តទាំងអស់គ្នាឱ្យបានហ្មត់ចត់ដើម្បីកាត់បន្ថយនូវហានិភ័យផ្សេងៗចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ 

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចនៅក្នុងការ បិទខ្ទប់រាជធានីភ្នំពញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែការបិទខ្ទប់នេះ ក៏បានអនុញ្ញាតនូវមានសកម្មភាពមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអ្នកដែលបានចាក់វ៉ាក់សាំងមកទទួលការចាក់វ៉ាក់សាំងធម្មតាតាមការកំណត់របស់ក្រុមគ្រូពេទ្យ ៕

ដោយ៖ សូរិយា


ចែករំលែក៖