ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកំពង់ចាម ប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ០៣នាក់ បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ និងមានករណីស្លាប់ចំនួន ៣នាក់នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន ០៣នាក់(សរុបចំនួន១.៨៥៧នាក់)។ អ្នកជំងឺ ទាំង០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅ វិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន៨៣៧ នាក់ ទទួលបានលទ្ធផលតេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង៦៥នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ(អ្នកកំពុងសម្រាកព្យាបាល ចំនួន ៨១៥នាក់) និងបន្តស្រាវជ្រាវរកអ្នកដែល ប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ជ សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ“៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។
ទន្ទឹមនឹងនេះ ក៏មានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០៣នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៥៤ឆ្នាំ នៅភូមិទួលព្រះឃ្លាំង ឃុំបធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម និងស្ត្រីជនជាតិខ្មែរ អាយុ ៥០ឆ្នាំ រស់នៅភូមិក្តីថ្ករ ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕

ដោយ៖សិលា


ចែករំលែក៖