ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ១នាក់ និងគ្រឿងញៀនជាង៤គីឡូក្រាមក្រោយបញ្ចប់នីតិវិធី

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរបង្រ្កាបបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃបានបង្ហាញមុខជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង៤គីឡូក្រាមនៅរាជធានីភ្នំពេញក្រោយពីឃាត់ខ្លួននិងបញ្ចប់នីតិវិធី។
គួរបញ្ជាក់ឡើងវិញថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង ៤០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស៊ើបអង្កេត និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គឺគោលដៅទី១នៅចំណុចផ្ញើអីវ៉ាន់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង និង គោលដៅទី២នៅវេលាម៉ោង ១៧និង១០នាទី បន្តឆែកឆេរលំនៅឋាន ផ្ទះលេខ១០ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និងចាប់យកវត្ថុតារួមមាន៖
-សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សរុប៤១១៤ក្រាម
-សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប១២.៣០ក្រាម
-សារធាតុញៀនប្រភេទអុិចស្តាស៊ី(MDMA) ទម្ងន់សរុប២១.១០ក្រាម
ដែលមានសារធាតុញៀនសរុប ៤,១៤៧.៤០ក្រាម។
-ម៉ូតូ ២គ្រឿង និងទូរស័ព្ទដៃចំនួន ២ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖