ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ៖​ ​ប្រជុំដោះស្រាយបញ្ហាប្រឈម​ នៃការបង្រ្កាបបទល្មើសព្រៃឈើ ,ជលផល និងបទល្មើសនានាក្នុងភូមិសាស្ត្រខេត្ត

ចែករំលែក៖

ភ្នំពេញ​៖​ លោក សៅ សុភាព រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការងារចាំបាច់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២១។

អង្គប្រជុំបានពិភាក្សាផ្តោតសំខាន់លើបញ្ហាប្រឈមនៃការបង្រ្កាបបទល្មើសព្រៃឈើ បទល្មើសជលផល និងបទល្មើសនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសពាក់ព័ន្ធនឹងករណីបាញ់បោះ និងគំរាមប្រជាពលរដ្ឋ និងករណីសារព័ត៌មានដែលបានផ្សព្វផ្សាយបំភ្លើសពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅខេត្តកំពង់ធំ។ល។

គួរបញ្ជាក់ថា​ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ​ តាមរយៈប្រព័ន្ធវីដេអូ Zoom នេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក​ សុខ​ លូ​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក លោកស្រី​ ជាសមាជិក សមាជិកាក្រុមការងារ សរុបប្រមាណ២០នាក់។ឆ្លៀតក្នុងឱកាសនោះដែរ លោក សៅ សុភាព បានលើកឡើងពីការខិតខំប្រឹងប្រែងពន្លឿនការងារស្រង់ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបានលឿន និងរៀបចំជារបាយការណ៍បូកសរុបជូនថ្នាក់ដឹកនាំ។ ជារួម លោកប្រធានអង្គប្រជុំ បានស្នើឱ្យអភិបាលខេត្ត​ កោះប្រជុំជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងកសាងឯកសារឱ្យបានលឿន ដើម្បីបន្តនីតិវិធីដោះស្រាយ៕

ដោយ៖ សហការី


ចែករំលែក៖