ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបរបើករថយន្ត Highlander ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2..-6660 រងការចោទប្រកាន់ថា, មានចេតនាករណីប៉ុនប៉ងឃាតកម្មលើអ្នកបើកបរម៉ូតូ !

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា, ម្ចាស់អាខោន facebook មួយមានឈ្មោះថា, (Vincent LV) បានសរសេរថា, សូមប្រកាសរកជនល្មើសបើករថយន្ត Highlander ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2..-6660។

ម្ចាស់អាខោន facebook មួយមានឈ្មោះថា, (Vincent LV) បានបន្តថា, នេះជាករណីប៉ុនប៉ងឃាតកម្ម នៅយប់ថ្ងៃទី ១៤ សីហា ២០២១ វេលាម៉ោងប្រហែល៧៖៥០ នាទី នៅលើស្ពានអាកាសស្ទឹងមានជ័យ បង្កដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ អាយុ ប្រហែលជិត ៣០ឆ្នាំ បើករថយន្តម៉ាក Highlander ភិនភាគដូចខាងលើ បានតាមបុកម៉ូតូ Yamaha Spark 09 ពណ៌ក្រហម ផ្លាកលេខ 1BC-7368 បើកបរដោយឈ្មោះ ឡាច វ៉ាន់នី ។

ម្ចាស់អាខោន facebook មួយមានឈ្មោះថា, (Vincent LV) បានបញ្ជាក់ថា, នៅពេលវេលាមុនពេលកើតហេតខាងលើ បន្ទាប់ពីបានទិញថ្នាំ ឧបករណ៍វាស់សម្ពាធឈាមសម្រាប់ម្ដាយខ្ញុំ ពីគ្លីនីកជិតព្រះច័ន្ទពេញវង់ម្ដុំផ្សារអូរឡាំពិករួចរាល់ ខ្ញុំបានធ្វើដំណើរត្រឡប់មកផ្ទះវិញដោយជិះម៉ូតូមានភិនភាគដូចខាងលើ ។ ពេលធ្វើដំណើរនៅលើផ្លូវ ២៧១ ម្ដុំផ្សារសុវណ្ណា មកដល់ជិតគល់ស្ពាន ស្ទឹងមានជ័យ សភាពចរាចរណ៍មានសភាពស្ទះបន្តិច ទាំងឡាន និងម៉ូតូ បើកបរមិនដល់ល្បឿន ១០គ.ម/ម៉ោង ទេ ហើយខ្ញុំបានវ៉ាឡានមួយគ្រឿងម៉ាក highlander ពណ៌ទឹកប្រាក់ រួចក៏បន្តដំណើរដោយសន្សឹមៗនៅលើដងស្ពាន ស្រាប់តែឡាន highlander ពណ៌ទឹកប្រាក់នោះ បើកដេញខ្ញុំពីក្រោយដោយវ៉ាជែងឡានដទៃទៀតខាងស្ដាំ តាមបុកម៉ូតូខ្ញុំពីក្រោយ ។ នៅពេលនោះខ្ញុំពុំដឹងខ្លួនថាត្រូវគេតាមដេញបុកឡើយ ដោយស្មានថា មានជនស្រវឹងស្រាបើកឡានលឿន ដូចនេះខ្ញុំក៏អែបស្ដាំមកកៀនបង្កាន់ដៃស្ពាន ដើម្បីបើកផ្លូវឲ្យឡាននោះទៅមុន ។ ខុសពីការគិតរបស់ខ្ញុំ ឡាននោះក៏បានជាន់ហ្គែរបន្ថែមល្បឿនដើម្បីបំបុកម៉ូតូខ្ញុំពីក្រោយមួយទំហឹង ធ្វើឱ្យខ្ញុំត្រូវបោកខ្ទប់នឹងបង្កាន់ដៃស្ពានអូសប្រហែល ជាង១០ម៉ែត្រ ។ ពេលដួលជាប់ជាមួយម៉ូតូ ខ្ញុំបានក្រឡេកមើលទៅខាងឆ្វេងដៃ ឃើញជនល្មើសមានអាយុប្រហែលជិត ៣០ឆ្នាំ និង បានកត់សម្គាល់ផ្លាកលេខឡាន 6660 ។
សំណាងល្អ ដោយសារផ្លូវមិនទូលាយ ទើបជននោះមិនអាចបុកខ្ញុំឱ្យស្លាប់នៅហ្នឹងកន្លែងបាន។

សូមបញ្ជាក់÷ ខ្ញុំ និងជនល្មើសមិនដែលស្គាល់គ្នា និងមានការគុំកួនគ្នាអីទេ បន្ទាប់មកខ្ញុំក៏លើកម៉ូតូឡើង ហើយប្រញាប់ជិះយកថ្នាំឲ្យម្ដាយដែលនៅឯផ្ទះ ។

សូមអំពាវនាវដល់បងប្អូនម្ចាស់ឡានដទៃទៀតដែលមាន កាម៉េរាថតជាប់សកម្មភាពខាងលើសូមជួយផ្ញើមកខ្ញុំផង ។ ជនល្មើសដែលមានចរិតព្រៃផ្សៃបែបនេះត្រូវតែឱ្យច្បាប់ដាក់ទោសឱ្យសមតាមទង្វើដែលគេបានធ្វើ។
សូមបញ្ជាក់ថា, ពាក់ព័ន្ធនឹងករណីលើកឡើងខាងលើនេះ ទោះគេពុំទាន់ដឹងច្បាស់ថា ជាករណីពិតប្រាកដនោះឡើយ ។

ប៉ុន្តែប្រជាពលរដ្ឋទទួលស្គាល់ថា, ក្រុមអង្គភាពប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងមានវិធានការស៊ើបអង្កេតស្រាវជ្រាវក្នុងរឿងនេះ ដើម្បីរកឲ្យឃើញការពិត តើជាករណីគ្រោះថ្នាក់ចរាចរណ៍ ឬក៏ចេតនាប៉ុនប៉ងឃាតកម្ម មកលើអ្នកបើកបរម៉ូតូ ? ៕

ដោយ៖ សិលា


ចែករំលែក៖