ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃសៅរ៍ទី២១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ ក្នុងនាមលោកផ្ទាល់ និងមន្ត្រីរាជការក្រោមឱវាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភផ្លែមៀនចំនួន ១,០០០គីឡូក្រាម ដល់រដ្ឋបាលខណ្ឌ។
លោក សុខ ពេញវុធ បានឱ្យដឹងទៀតថា ផ្លែមៀនចំនួន ១,០០០គីឡូក្រាម ដែលលោកអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដើម្បីបែងចែកជូនដល់មន្ត្រីរាជការ កងកម្លាំង រដ្ឋបាលសង្កាត់ ទីរួមផ្សារ និងកម្លាំងប្រជាការពារខណ្ឌ ព្រមទាំងក្រុមគ្រូពេទ្យ បានពិសារ ក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងវីរក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន ។
បន្ថែមពីនេះ ក្នុងនាមលោកផ្ទាល់ ក៏ដូចជាមន្ត្រីក្រោមឱវាទ និងក្រុមគ្រូពេទ្យទាំងអស់ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រសិទ្ធពរជ័យ សព្ទសាធុការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារជាទីស្រលាញ់ ព្រមទាំងក្រុមការងារ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី