ព័ត៌មានទាន់ហេតុការណ៍៖

លោក​ គង់​ សោភ័ណ្ឌ​ បិទវគ្គបណ្តុះបណ្តាល នីតិវិធីគូរផែនទី និងចុះបញ្ជីសហគ្រាស ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្ដាល

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅ​ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ​ បានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នីតិវិធីគូរផែនទី និងចុះបញ្ជីសហគ្រាស ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល។ 

ស្ថិតក្នុងឱកាសនេះដែរ លោក​ គង់​ សោភ័ណ្ឌ​ សូមថ្លែងអំណរគុណ លោក ប្រធានមន្ទីរផែនការខេត្ត ដែលបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះ និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីលទ្ធផលវគ្គបណ្ដុះបណ្ដាលនេះ។ សម្រាប់​វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៥ថ្ងៃ គឺអនុវត្តទៅតាមកម្មវិធីដែលថ្នាក់ជាតិបានកំណត់ និងបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាទីមោទនៈ។  

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ សូមអរគុណ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ ក្រុមការងារសម្របសម្រួលវគ្គ ដែលបានខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ទេពកោសល្យ និងបទពិសោធន៍ ក្នុងការផ្ទេរចំណេះដឹងទៅឱ្យសិក្ខាកាម ប្រកបដោយគុណភាព ដើម្បីមានសមត្ថភាព ចុះទៅបំពេញការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួន។ 

ជាមួយគ្នានេះ លោក​ ក៏សូមថ្លែងអំណរគុណដល់សិក្ខាកាមទាំង១១៧នាក់ ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះតាំងពីដើមរហូតដល់ចប់។ 

ឆ្លងតាមការបណ្តុះបណ្តាលនេះ លោក​ គង់​ សោភ័ណ្ឌ​ មានជំនឿជឿជាក់ថា លោក លោកស្រី និងប្អូនៗ សិក្ខាកាមទាំងអស់ ជាមន្រ្តីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យ ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នាពេលខាងមុខ ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ទាំងនីតិវិធីគូរផែនទី និងការចុះបញ្ជីសហគ្រាស ពិតជាបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

ដើម្បីជាការលើកទឹកចិត្តដល់បងប្អូន ក្មួយៗដែលបានខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹង អស់រយៈពេល០៥ថ្ងៃកន្លងមកនេះ លោក​អភិបាល​ខេត្ត​ បានចូលរួមឧបត្ថម្ភសិក្ខាកាមទាំង ១១៧នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករ ៥០គ.ក និងថវិកា១០០,០០០(មួយរយពាន់)រៀលផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖