ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនដ្រាបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងកណ្ដាលយប់ តែសំណាងដែរមិនមានអ្នករងរបួស នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តមួយគ្រឿងម៉ាកធុនដ្រា បានបើកបុកចូលផ្ទះប្រជាពលរដ្ឋលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងកណ្ដាលយប់ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ កែប មីល ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង។  នៅក្នុងហេតុការណ៍នេះមិនមានរងគ្រោះថ្នាក់ដល់មនុស្សនោះទេគឺគ្រាន់តែខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ។

ចំណែកម្ចាស់រថយន្តបង្កហេតុមានឈ្មោះ នួន ជិនឡុង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិដូនវីត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បើករថយន្តម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២BH-៤០០៣ បានខូចខាតធ្ងន់ផ្នែកខាងមុខទាំងស្រុង។

តាមអ្នកភូមិបានឱ្យដឹងថា រថយន្តម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២BH-៤០០៣ខាងលើគឺបើកពីទិសខាងជើងទៅទិសខាងត្បូង ហើយមិនដឹងជាយ៉ាងម៉េចស្រាប់តែបុកចូលផ្ទះជនរងគ្រោះបណ្ដាលឲ្យដាច់ទ្វារដែកផ្ទះទាំងស្រុងនិងខូចខាតសម្ភារនៅក្នុងផ្ទះមួយចំនួនទៀត។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ ប៉ុន្តែករណីនេះភាគីទាំងសងខាងម្ចាស់ផ្ទះនិងម្ចាស់រថយន្តបានធ្វើការសម្របសម្រួលព្រមព្រៀងគ្នាគឺអ្នកបើករថយន្តបង្កហេតុព្រមសងការខូចខាតដល់ម្ចាស់ផ្ទះដោយមិនមានការប្ដឹងផ្ដល់គ្នាឡើយ ព្រោះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស៕

ដោយ៖យឹម សុថាន


ចែករំលែក៖