ព័ត៌មានទាន់ហេតុការណ៍៖

លោក Taro Kono អាចនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន

ចែករំលែក៖

បច្ចុប្បន្ន បេក្ខភាពជាច្រើនកំពុងតែខិតខំស្វែងរកការគំាទ្រដើម្បីក្លាយជានាយករដ្ឋមន្ត្រីដឹកនាំជប៉ុនជំនួសលោក Suga ។ នៅពេលនេះ លោក Taro Kono ទទួលបានការគាំទ្រខ្ពស់នៅក្នុងលទ្ធផលស្ទង់មតិ។
ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១បានផ្សាយថាលោក Taro Kono រដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការវ៉ាក់សាំង ត្រូវគេមើលឃើញថា បាននាំមុខក្នុងការស្ទង់មតិសាធារណៈមួយ ស្តីពីបុគ្គលដែលគួរបន្តវេនពី នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ដែលបានសម្រេចលាលែងពីតំណែង។
ព័ត៌មានជប៉ុន Nikkei និងស្ថានីយទូរទស្សន៍តូក្យូ បានស្ទង់មតិកាលពីចន្លោះថ្ងៃទី០៩-១១ ខែកញ្ញា ដែលបានដាក់សំណួរថា តើអ្នកណាជាបុគ្គលស័ក្តិសមជាងគេ ដើម្បីដឹកនាំបក្សកាន់អំណាច LDP និងក្លាយជានាយករដ្ឋមន្រ្តីថ្មី។ ក្នុងនោះ លោក កូណូ ទទួលបានសំឡេងគាំទ្រ ២៧ភាគរយ ខ្ពស់ជាងគេ។
ចំណែក អតីតអគ្គលេខាបក្ស LDP លោក Shigeru Ishiba ដែលស្ថិតនៅលំដាប់ទី២ ទទួលបានការគាំទ្រ ១៧ភាគរយ ហើយអតីតប្រមុខការទូតជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) ស្ថិតនៅលំដាប់ទី៣ ទទួលបានការគាំទ្រ ១៤ភាគរយ ខណៈអតីតរដ្ឋមន្រ្តីមហាផ្ទៃជប៉ុន លោកស្រី Sanae Takaichi ស្ថិតនៅលំដាប់ទី៥ ដោយទទួលបានការគាំទ្រ ៧ភាគរយ។

លោក កូណូ, លោក គីសីដា និងលោកស្រី តាកៃឈិ សុទ្ធតែប្រកាសរួចរាល់ហើយថា នឹងឈរឈ្មោះប្រកួតប្រជែងយក តំណែងប្រធានគណបក្ស LDP។
នាយករដ្ឋម្ត្រីជប៉ុន បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃទី០៣ ខែកញ្ញា ក្រោយកាន់អំណាចបាន១ឆ្នាំ នៅចំពោះមុខការធ្លាក់ចុះប្រជាប្រិយភាព និងការមិនពេញចិត្តជុំវិញចំណាត់ការឆ្លើយតបរបស់លោក ប្រឆាំងនឹងវិបត្តិ COVID-19។

ប្រការនេះតម្រូវឲ្យ គណបក្ស LDP រៀបចំការបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មី នៅថ្ងៃទី២៩ ខែកញ្ញា៕

ដោយ៖ធីរីណា


ចែករំលែក៖