ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវត្រៀមលក្ខណៈការពារ សន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជំងឺកូវីដ-១៩នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ចំណុះឱ្យគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ជាមួយការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

   ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២០ខែកញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌឱ្យទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យពីការឆ្លងជំងឺកូវីដ-១៩។

  លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា  ចំពោះកងកម្លាំងមានសមត្ថកិច្ចដែលមានតួនាទីអនុវត្តការងារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការឆ្លងជំងឺកូវីដ-១៩ ត្រូវចេះការពារខ្លួនឯង បើទោះបីមានបទពិសោធន៍នាពេលកន្លងមកហើយក្តី ។

  ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការ អាចារ្យវត្តទាំង១៥១វត្តនៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិនឱ្យមានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់មិនប៉ុន្មានថ្ងៃទៀតនេះ។ ក្នុងវត្តនីមួយៗនៅតាមខ្លោងទ្វារវត្តត្រូវបាញ់អាល់កុលនិងវាស់កម្តៅ។

  ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ឃើញថា ការឆ្លងជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ដែលធ្វើឱ្យយើងអាចដើរទៅមុខជាជំហានៗ ក្នុងនោះយើងបានបើកឱ្យមានការធ្វើចរាចរណ៍ឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋ បើកឱ្យដំណើរការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះយើងបានបើកសាលារៀនថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យឡើងវិញថែមទៀត។នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

  ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលរាជធានីក៏ណែនាំស្នងការរាជធានីភ្នំពេញ ធ្វើការណែនាំកងកម្លាំងបន្ថែម ដើម្បីជៀសឱ្យបានពីការឆ្លងជំងឺកូវីដ-១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ត្រូវល្បាត មើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារឱ្យបានគង់វង្សពីអំពើចោរកម្ម៕

ដោយ ៖ សំរិត


ចែករំលែក៖