ខេត្តកណ្តាល៖ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីប្រចាំឆ្នាំដ៏ធំរបស់ជាតិយើងបានប្រារព្ធធ្វើតាំងពីបុរាណកាលមក ចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដើម្បីឧទ្ទិសតបស្នង សងគុណលោកអ្នកមានគុណ មានឪពុកម្តាយជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសលដល់ពពួកញាតិ និងជីដូនជីតា ដែលបានចែកឋានទៅហើយ ។ ចាប់តាំងពីមានការប៉ះពាល់ធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ការប្រាព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ប្រព្រឹត្តទៅដោយមានការប្រុងប្រយ័ត្នខ្ពស់ដែរ ទើបនៅព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ ក៏ដូចជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានចាត់តំណាង នាំយកនូវអង្ករចំនួន ៥៤ តោន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមបណ្តាវត្ត និងសមាគមដូនជី ទាំង ៥៤ នៅក្នុងស្រុកពញាឮ តាមរយៈលោកអភិបាលស្រុកពញាឮ ខេត្តកណ្តាល ។
តាមរយៈតំណាង លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ព្រះសង្ឃ ក្នុងមូលដ្ឋានស្រុកពញាឭ ទាំងអស់ ពិសេសសូមគោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ៣ការពារ និងវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួន ដើម្បីការពារនូវការឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៣៧នាក់ (ឆ្លងសហគមន៌: ៥៣៩ និង នាំចូល: ៩៨) និងមានជាសះស្បេីយ ៤៦៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០៥៩៨១ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៨៦៥៥នាក់ និង ស្លាប់ថ្មី ១៤នាក់ សរុបស្លាប់ ២១៥៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2366940 ស្មេីនឹង 139313 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ៖ សុខ ខេមរា