ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកឡើងថា ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍ដើម្បី កំណើនប្រកបដោយបរិយាបន្ន” សម្តេចសូមចែករំលែកការយល់ឃើញនិងគូសបញ្ជាក់នូវយុទ្ធសាស្ត អាទិភាពមួយចំនួន ដើម្បីចាប់ផ្ដើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងវិបត្តិកាន់តែប្រសើរ ដូចតទៅ៖
១- យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា យើងជឿជាក់ថា គោលដៅទេសចរណ៍កម្ពុជានឹង ត្រូវបានមើលឃើញថា ពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិនិងអន្តរជាតិ ឡើងវិញ។ កត្តានេះ រួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវ វិធានសុខាភិបាលទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ-១៩ នឹងជំរុញឱ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗនូវសកម្មភាព ទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាពសាធារណៈជាអាទិភាព។ ស្ថិតក្នុងភាពសុទិដ្ឋិនិយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា ត្រូវផ្តល់កិច្ចសហការគាំទចំពោះការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព នាពេលខាងមុខ។
២- កន្លងមកវិស័យទេសចរណ៍បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើនសម្រាប់ វិស័យសេដ្ឋកិច្ច-សង្គមដ៏ទៃទៀត តាមរយៈឥទ្ធិពលមេគុណសេដ្ឋកិច្ចពី៤ ទៅ៥ដង និងមេគុណឥទ្ធិពល ការងារដ៏ខ្ពស់ដោយការងារផ្ទាល់ ១ ក្នុងវិស័យទេសចរណ៍អាចបង្កើតការងារមិនផ្ទាល់ចំនួន ១,៥ (មួយកន្លះ)។ ក្នុងន័យនេះ សម្តេចសូមលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូ អភិវឌ្ឍ ជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈ ការដាក់ចុះនូវកម្មវិធីយុវជននិងធុរកិច្ចក្នុងវិស័យទេសចរណ៍កម្មវិធីជំរុញការបង្កើតថ្មីនិងនវានុវត្តន៍ទសចរណ៏ ជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹងនិងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួលនិងដឹកនាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ ពិភពលោក សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍនានា។
៣- វិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការចាកចេញពីការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍គ្រប់កម្រិត ត្រូវផ្អាកស្ទើរទាំងស្រុង ដែលទាំងនេះបានបង្កជាឧបសគ្គនៃដំណើរការស្តារឡើងវិញនៃវិស័យទេសចរណ៍ នាពេលខាងមុខ។ ក្នុងន័យនេះ សម្តេចតេជោសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការកាន់តែសកម្មថែម ទៀតជាមួយក្រសួងទេសចរណ៍ ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមនិងជំនាញថ្មីដល់យុវជន ស្របតាម យន្តការអភិវឌ្ឍន៍ជំនាញទេសចរណ៍ប្រកបដោយចីរភាព។
៤- បន្ទាប់ពីវិបត្តិកូវីដ-១៩ សម្តេចយល់ឃើញថា និន្នាការទេសចរណ៍នឹងមានសភាពខុសពីមុន ពោលគឺ ការគិតគូរអំពីសុវត្ថិភាពនិងផាសុខភាពនឹងក្លាយជាកត្តាអាទិភាពក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅ ធ្វើដំណើរកំសាន្ត។ ក្នុងន័យនេះ សម្តេចសូមលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ “កម្ពុជាសុវត្ថិភាព – Cambodia. Safe” ដើម្បីជាមុំយុទ្ធសាស្ត្រទាក់ទាញទេសចរផ្ទៃក្នុងនិងអន្តរជាតិក្នុងដំណាក់កាលនៃការបើក ឡើងវិញ និងពេលអនាគត។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍បន្តទៀតថា, បច្ចុប្បន្ន ទោះជាមានការជឿនលឿនខ្លាំងលើការចាក់វ៉ាក់សាំងនៅកម្ពុជា យើងនៅតែស្ថិតក្នុងភាព ផុយស្រួយ ហើយយើងទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្តវិធានរដ្ឋបាលនិងសុខាភិបាលតទៅទៀត ដោយ សេចក្តីអត់ធ្មត់ ដើម្បីជាគ្រឹះរឹងមាំនៃការបើកសកម្មភាពទេសចរណ៍ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចនិងសង្គម ផ្សេងៗទៀតឡើងវិញប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវ។
សូមបញ្ជាក់ថា, ការលើកឡើងខាងលើតាមរយៈ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “ ” TOURISM FOR INCLUSIVE GROWTH ” ៕
ដោយ៖សុខ ខេមរា