ព័ត៌មានទាន់ហេតុការណ៍៖

គណៈសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជាសម្តែងនូវការគាំទ្រគំនិតផ្ដួចផ្តើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចេញញត្តិគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ! 

ក្នុងនាម គណៈសង្ឃនាយក និងតាងនាមឱ្យសម្តេច ព្រះរាជាគណៈ ព្រះមេគណ: ព្រះអនុគណ មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងព្រះសង្ឃគ្រប់អង្គ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់នេះគឺជាការបញ្ជាក់កាន់តែច្បាស់ពីភក្តីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបដែលតែងតែស្រឡាញ់ និងគោរព ជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី គឺ ជាវីរបុរសខ្មែរដែលបានយកអាយុជីវិតមកធ្វើជាដើមទុន និងបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បី បុព្វហេតុជាតិមាតុភូមិ និងធ្លាប់បានប្រកាសជាសាធារណៈច្រើនលើកច្រើនសាររួចមកហើយចំពោះមុខ ប្រជាជនអំពីគោលជំហរនយោបាយឥតងាករេ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជាតិ -រួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជន និងប្រទេសកម្ពុជាឡើយ ទោះបីជាក្នុងកាលៈ ទេសៈដ៏លំបាកយ៉ាងណាក៏ដោយ»។ គណៈសង្ឃនាយក សម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងព្រះសង្ឃគ្រប់អង្គ សូមធ្វើការប្ដេជ្ញាចិត្ត ចូលរួមគ្រប់សកម្មភាពដោយឥតងាករេ ជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖