ខេត្តរតនគិរី៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែតុលាឆ្នាំ២០២១ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីមានចំនួន៧,៥៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០មានការធ្លាក់ចុះ-៤៤.០២% ក្នុងនោះភ្ញៀវទេសចរជាតិមានការធ្លាក់ចុះ-៤៣.៥៣% និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ-៧៦.២៦%ខណៈភ្ញៀវទេសចរជាតិ-អន្តរជាតិឆ្នាំ២០២០សរុបមានចំនួន១៣,៥៤៥នាក់ នាក់។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅរសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២១នេះថា មូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌគឺមកពីកត្តានៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ និងកត្តាសេដ្ឋកិច្ចព្រមទាំងកត្តាអាកាសធាតុផងដែរ ពីព្រោះរយៈពេល៣ថ្ងៃនៃការឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តរតនគិរីមានភ្លៀងធ្លាក់ជាប់ៗគ្នា។
លោកបានបន្តថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរដែនដី និងតាមរមណីយដ្ឋាន និងភោជនីយដ្ឋានធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយឡែកចំពោះឥរិយាបថភ្ញៀវវិញយើងសង្កេតឃើញថា ពួកគាត់ភាគច្រើនបានប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ និងរក្សាគម្លាតបានត្រឹមត្រូវ។
ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋានគឺបានល្អប្រសើរណាស់៕
ដោយ ៖ ជីវ័ន្ត