ព័ត៌មានទាន់ហេតុការណ៍៖

WHO ព្រមានថា កូវីដ-១៩នឹងបន្តអូសបន្លាយជាងមួយឆ្នាំទៀត ដោយសារប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំង

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO បានព្រមានថា កូវីដ-១៩ អាចបន្តអូសបន្លាយជាង១ឆ្នាំទៀត ដោយសារតែប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ព្រោះតែប្រទេសអ្នកមានប្រមូលទិញអស់។
សារព័ត៌មានBBC នៅថ្ងៃទី ២១ខែតុលា បានដកស្រង់សម្តី លោក Bruce Aylward មន្ត្រីជាន់ខ្ពស់របស់អង្គការWHO ដែលបានវាយតម្លៃថា កូវីដ-១៩អាចអូសបន្លាយដល់ឆ្នាំ២០២២។ លោកបានបញ្ជាក់ថា ពលរដ្ឋទ្វីបអាហ្វ្រិកមិនដល់៥%ផងទេបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ចំណែកបណ្តាទ្វីបផ្សេងទៀតទទួលបានការចាក់វ៉ាក់សាំងជាង ៤០%ហើយ។
លោក Bruce Aylward បានអំពាវនាវដល់បណ្តាប្រទេសអ្នកមានសូមថយក្រោយមួយជំហាន ដើម្បីទុកឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងលក់ទៅឱ្យប្រទេសក្រីក្រ ។
គិតត្រឹមថ្ងៃទី២១ខែតុលានេះ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ២៤២,៨ លាននាក់ហើយ រីឯអ្នកស្លាប់សរុបជាង ៤,៩លាននាក់ និងជាសះស្បើយពីជំងឺកូវិដ-១៩មានជាង២២០លាននាក់ផងដែរ ។
ប្រទេសដែលឆ្លងច្រើនជាងគេគឺអាមេរិកដដែលដោយមានអ្នកឆ្លងជាង ៤៦លាននាក់ និងស្លាប់ជាង ៧៥១ពាន់នាក់ ។ លំដាប់ទីពីរគឺឥណ្ឌាមានករណីឆ្លងជាង៣៤លាននាក់ និងស្លាប់ជាង៤៥២ពាន់នាក់ និងលំដាប់ទីបីគឺប្រេស៊ីលមានករណីឆ្លងសរុបជាង២១,៦លាននាក់ និងស្លាប់ជាង ៦០៤ពាន់នាក់។
បច្ចុប្បន្នមានពលរដ្ឋដល់ទៅជាង ៦,៧២ពាន់លាននាក់ហើយនៅជុំវិញពិភពលោក បានចាក់វ៉ាក់សាំងកូវីដ-១៩ បានមួយដូស និងចាក់គ្រប់ចំនួនពីរដូសមាន២,៨៧ពាន់លាននាក់ ៕

ដោយ៖ធីរីណា(រូបថត៖Getty Images)


ចែករំលែក៖