ភ្នំពេញ៖ បេីតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា៖ «ការយល់ដឹងពីប្រព័ន្ធសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម នឹងអាចចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។» នេះជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារនិងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។
លោកអនុរដ្ឋលេខាធិការ បានបន្ថែមថានៅកម្ពុជា ប្រព័ន្ធទំនាក់ទំនងសង្គមមានច្រើន តែពេញនិយមជាងគេគឺហ្វេសប៊ុក ដែលជាបណ្តាញប្រភពព័ត៌មានចម្រុះ។ ប៉ុន្តែកាផ្សព្វផ្សាយលើហ្វេសប៊ុកមួយចំនួនមិនមែនជាការពិត ដែលវាអាចបង្កគ្រោះថ្នាក់ សម្រាប់អ្នកលេងហ្វេកប៊ុក ក្នុងការយកព័ត៌មានទាំងនោះ ទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ណាមួយ។
ក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថានបានបើកសិក្ខាសាលាស្តីពីការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត នាពេលនេះ ក្នុងគោលបំណងកសាងសមត្ថភាពមន្ត្រីជំនាញ ដែលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើនសុវត្ថិភាពលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។
លោក បានបន្តថា «ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងប្រកបដោយប្រសិទ្ធភាព យើងត្រូវផ្សព្វផ្សាយពីការពិតឱ្យបានច្រើន និងឱ្យបានលឿន ព្រោះការផ្តល់ព័ត៌មានពិត គឺជាវិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងព័ត៌មានក្លែងក្លាយផង និងជាការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ហើយពេលប្រជាពលរដ្ឋយល់ដឹង នោះពួកគាត់នឹងចូលរួម គាំទ្រនូវបុព្វហេតុរបស់ស្ថាប័នកាន់តែសកម្មថែមទៀត។ យើងមិនត្រូវជឿលើការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះឡើយ ពោលគឺត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ឬស៊ែរសារនានាលើបណ្តាញទំនាក់ទំនងសង្គមនោះបន្ត។
សូមបញ្ចាក់ថា ការផ្សព្វផ្សាយស្តីពីការការពារនិងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security បានរៀបចំឡើងដោយនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដោយមានបទបង្ហាញពីអ្នកជំនាញផ្នែកប្រព័ន្ធព័ត៌មានវិទ្យា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងអគ្គនាយកដ្ឋាននានា និងមកពីមន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥។ សិក្ខាសាលានេះបានផ្តោតសំខាន់ទៅលើចំណុចមួយចំនួនមានដូចជា ការគ្រប់គ្រង Facebook Page ការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដំណោះស្រាយនៅពេលមានគណនីហ្វេសប៊ុកត្រូវបានHack ធ្វើយ៉ាងណាដើម្បីឱ្យការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការវាយប្រហារពីចោរបច្ចេកវិទ្យា និងដើម្បីយល់ដឹងអំពីបច្ចេកទេសថ្មីៗ ក្នុងការឆ្លើយតបទៅនឹងហានិភ័យនានាដែលអាចកើតមានឡើងតារយៈប្រព័ន្ធអ៊ីនធឺណិត៕
ដោយ៖សហការី