(តពីលេខមុន)
បញ្ញា គឺជាអកុសលធម៌ពិត បុគ្គលកាលមានបញ្ញាអាចសង្កេតឃើញថា ការចិត្តកើតឡើងបុគ្គលឥតបញ្ញារមែងមានកាយកម្ម វចីកម្ម មនោកម្ម ឲ្យប្រព្រឹត្តទៅរកការងារ ឬអារម្មណ៍ណាមួយនោះ ទៅតាមតែកម្លាំងចិត្តប្រាថ្នាចង់បាន ចិត្តជាប់ជំពាក់ ចិត្តស្រលាញ់សប្បាយត្រេកត្រអាលនោះប៉ុណ្ណោះ តែទោះចិត្តក៏យ៉ាងដូច្នោះដែរ។ ចំណែកឯហេតុបច្ច័យនៃធម៌ពិតបុគ្គលគ្មានបញ្ញាឥតបានដឹងទាំងអស់ ទើបជាលទ្ធផលបុគ្គលបានទទួលនូវសេចក្តីទុក្ខ សេចក្តីវិនាសនោះ។បុគ្គលមានធម៌ពិត គឺបញ្ញារមែងដឹងបានថា លោភចិត្ត ទោសចិត្ត ជារបស់ឥតខ្លឹមសារ ថែមទាំងជាឬសគល់នៃសេចក្តីទុក្ខ សេចក្តីវិនាស ទើបប្រើបញ្ញានេះដើម្បីលះលោភចិត្តទោសចិត្តបាននោះ។
បញ្ញាជាឈ្មោះធម៌ពិត មានតួនាទីជាចម្បងក្នុងការលះលោភៈ ទោសៈ ផង ត្រិះរិះពិចារណារកហេតុទំនងលក្ខណៈផលប្រយោជន៍សារសំខាន់នៃតម្រូវការរបស់ជីវិតខ្លួនផង និងរបស់សង្គមផង ។ កាលលោភៈទោសៈ ត្រូវបានកម្ចាត់អស់ ជាសុមច្ឆេទ អលោភៈ អទោសៈ រមែងកើតរលត់ឡើងជាធម្មតា បញ្ញាកើតដើមក៏បានទៅជាចិត្តដ៏បរិសុទ្ធផង ជាចិត្តប្រកបដោយសេចក្តីសុខយ៉ាងស្ងប់ កាលយកបញ្ញាជាធម៌សុខ ធម៌ខាងសេចក្តីចម្រើនទៅដោះស្រាយបញ្ហាទូទៅរបស់សង្គម ជីវិតពិតជានឹងបានទទួលផលវិជ្ជមានជាក់ជាមិនខាន។
បញ្ហាចោទចំពោះមុខ គឺនៅត្រង់ថាមានវិធីបែបណាដើម្បីឈានទៅលះក៨លេសចេញពីខន្ធសន្តានម្នាក់ៗនោះ ត្រង់ចំណុចនេះបុគ្គល កាលមានបញ្ញារមែងមានសតិសម្បជញ្ញៈជាធម្មតា សតិចាត់ទុកជាធម៌ប្រការមួយបានដែរ ព្រោះតែសតិជាសភាវៈរលឹកនឹកឃើញ បានចងចាំ បានជាសភាវៈប្រុងប្រយ័ត្ន ជាសភាវៈរារាំងមិនឱ្យថ្លោះធ្លោយបាន អាចជាកម្លាំងដ៏មានសារសំខាន់របស់បញ្ញា។
កាលបុគ្គលមានសតិ និងបញ្ញាមុខជានឹងអាចបានដឹងអំពីហេតុដែលនាំឱ្យលោភចិត្ត ទោសចិត្តចេះតែកើត រលត់ឡើង ប្រព្រឹត្តទៅតាមទំនើងឥតឈប់ឈរនោះ។
តបថា ព្រោះតែបុគ្គលរលត់សតិនេះឯង ថែមទាំងមិនមានបញ្ញាកើតឡើងភ្លាមៗក្នុងខណៈដែលលោភៈ ទោសៈកំពុងកើតរលត់ឡើងចំពោះអារម្មណ៍ណាមួយនោះ ព្រោះតែបុគ្គលមានកិលេសតែងយល់ខុសដោយនឹកស្មានថាលោភៈ ទោសៈ នេះ ជាសភាវៈមានប្រយោជន៍ មានខ្លឹមសារដោយសម្គាល់ថា វត្ថុជាទីប្រាថ្នានោះជារបស់មានប្រយោជន៍ តាមតម្រូវការពិតៗមែនៗ ឬថាវត្ថុជាទីស្អប់ខ្ពើមនោះជារបស់ឥតខ្លឹមសារជារបស់រាំងស្ទះចំពោះលោភចិត្តរបស់ខ្លួនមែន។ កាលមានបញ្ញាដឹងច្បាស់ថាលោកភៈ ទោសៈនេះជាហេតុជាទំនងរបស់មោហៈគឺជាសេចក្តីល្ងង់ខ្លៅ កាលលោភៈ ទោសៈកើតរលត់ឡើង នៅត្រង់អារម្មណ៍ណា បុគ្គលមានសតិក៏ចាប់ផ្ដើមផ្អាកវិត្តកៈចារប្រកបដោយមោហៈ ចេញពីអារម្មណ៍មនុស្សភ្លាមៗរួចដែរមកត្រិះរិះពិចារណា រកផលប្រយោជន៍ពិត លក្ខណៈពិតសភាវៈពិត ហេតុទំនងពិតតម្រូវការពិត យ៉ាងនេះវិញ លោភៈទោសៈគង់រលត់ទៅឯង ការត្រិះរិះពិចារណាស្រាវជ្រាវរកផលប្រយោជន៍ពិតយ៉ាងនេះទើបចិត្តទុកបញ្ញាជាធម៌ពិត ធម៌មែនធម៌ដ៏ប្រសើរបំផុត។
ឧបមាបុគ្គលកំពុងមើល កំពុងស្ដាប់ជាដើម ចំពោះអារម្មណ៍មួយ វត្ថុរឿងរ៉ាវណាមួយ ប្រកបដោយលោភៈ ឬទោសៈ បុគ្គលនោះដឹងត្រឹមតែសប្បាយរីករាយ សើចក្អាកក្អាយ ចំពោះអារម្មណ៍ជាទីពេញចិត្តរ ឬ ខឹងស្អប់ខ្នន់ខ្នាញ់គំនុំគុំគួន សងសឹក ព្យាបាទ ចំពោះអារម្មណ៍មិនជាទីពេញចិត្តរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែហេតុផលដំណើរដើមទង អត្ថប្រយោជន៍ពិតយ៉ាងណាៗ បុគ្គលឥតមានបញ្ញាត្រិះរិះពិចារណា រកពុំឃើញនូវលក្ខណៈសភាវៈពិតនោះបានឡើយ ។ ទើបការលោភៈ ទោសៈ ញាំងកាយកម្ម វចីកម្ម មនោកម្ម ព្រមទាំងពេលវេលាឲ្យប្រព្រឹត្តទៅមុខជានឹងបានទទួលផលជាអវិជ្ជមានជាក់ជាពុំខាននោះ ៕ (នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត