ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំបើករថយន្តបុកទ្រូងផ្លូវបាក់១កង់ រួចចុះមកដេករមួលលើចិញ្ចើមផ្លូវលែងដឹងខុសត្រូវ

ចែករំលែក៖

     ភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំ រួចបើករថយន្តយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់១កង់ ឯតៃកុងចុះពីរថយន្តស្រវឹងខ្លាំងពេកក៏ដេករមួលលើចិញ្ចើមផ្លូវលែងដឹងខុសត្រូវ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ត្រង់ចំណុចមុខធានាគារអេស៊ីលីដា ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

     តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តម៉ាក SUBARO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z- 2508 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលចង្កូតទៅបុកក្បាលព្រួញថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួន១កង់ ឯរថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំផងដែរ ។ ដោយឡែកម្ចាស់រថយន្តដោយឥទ្ធិពលគ្រឿងស្រវឹងខ្លាំងពេក បានចុះពីរថយន្តមកដេកសន្លប់ស្តូកលើចិញ្ចើមផ្លូវលែងដឹងខ្លួន ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចក៏បានទាក់ទងរថយន្តសាមុយដឹកយកទៅសង្គ្រោះដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិត ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖