ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សរសើរចំពោះបងប្អូនប្រជាពលរដ្ឋរស់រាជធានីភ្នំពេញ ដែលបានទៅចូលរួមបោះឆ្នោតយ៉ាងកកកុញនាថ្ងៃទី ០៥ មិថុនា ឆ្នាំ២០២២នេះ ដើម្បីបង្ហាញពីកាតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋល្អ។នេះពិតជាបង្ហាញឱ្យឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរឹងមាំពីអាណត្តិមួយទៅអាណត្តិមួយ។
ការលើកឡើងបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី០៥ មិថុនា ២០២២ ខណៈលោកនិងលោកស្រីបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ នៅការិយាល័យបោះឆ្នោត ក្នុងកាំកូសុីធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ មានបងប្អូនប្រជាពលរដ្ឋ ខ្លះបានមកដល់ការិយាល័យបោះឆ្នោតរបស់ខ្លួន តាំងពីម៉ោង៥និង៣០នាទី ខ្លះមកតាំងពីម៉ោង៦ព្រឹក ដើម្បីមកចូលរួមការបោះឆ្នោតនាថ្ងៃទី០៥ខែមិថុនានេះ ។ នេះពិតជាបង្ហាញអំពីការយល់ដឹងច្បាស់លាស់ពីសំណាក់ប្រជាពលរដ្ឋ អំពីកាតព្វកិច្ចរបស់ខ្លួនដែលត្រូវបំពេញជាពលរដ្ឋល្អ។
លោកក៏បានបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃបោះឆ្នោតនេះចរាចរណ៍នៅតាមដងផ្លូវហាក់មិនសូវជាមមាញឹកដូចថ្ងៃធម្មតាទេ ។ នេះក៏ដោយសារតែបងប្អូនប្រជាពលរដ្ឋខ្លះ ,ក្រុមការងារគណបក្ស ដូចជាកម្មករកម្មការិនី ពួកគាត់ចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមបំពេញកាតព្វកិច្ចក្នុងការបោះឆ្នោតនាថ្ងៃ០៥ មិថុនានេះ។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅរាជធានីភ្នំពេញក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដូចជាការបោះឆ្នោតនៅពេលនេះ នៅរាជធានីភ្នំពេញមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរទាំង គណបក្សនយោបាយ គ្មានអ្វីព្រួយបារម្ភនោះទេ។ផ្ទុយទៅវិញពួកគាត់បានសំដែងនូវការអរគុណចំពោះអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ដែលបានចាត់ចែងដូចជាការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជូនគណបក្សនានាបានល្អប្រសើរ។ ពួកគាត់ក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានឈានទៅរកការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរឹងមាំ ពីអាណត្តិមួយទៅអាណត្តិមួយហើយ។
បើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានឲ្យដឹងថា៖នៅរាជធានីភ្នំពេញ មានចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួន៨៩៩.៦៨៨ នាក់,ចំនួនការរិយាល័យបោះឆ្នោតសរុបមាន២.១៩៧ការិយាល័យ,ចំនួនទីតាំងការិយាល័យបោះឆ្នោតមាន២៦៥ទីតាំង, ចំនួនការិយាល័យសង់រោងតាមផ្លូវ ឬទីសាធារណៈមាន ៦៨៩ការិយាល័យ,ចំនួនការិយាល័យទោលមានចំនួន៨សង្កាត់ មាន១៩ការិយាល័យ។
គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ មានចំនួន១១គណបក្សសំរាប់ នៅរាជធានីភ្នំពេញ ក្នុងចំណោម១៧គណបក្សដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេស។គណបក្សទាំង១១ រួមមាន៖ ១. គណបក្សប្រជាជនកម្ពុជា,២.គណបក្សយុវជនកម្ពុជា,៣. គណបក្សភ្លើងទៀន,៤. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ,៥. គណបក្សខ្មែររួបរួមជាតិ,៦. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៧. គណបក្សហ៊្វុនស៊ិនប៉ិច, ៨. គណបក្សឆន្ទះខ្មែរ,៩. គណបក្សកម្ពុជាជាតិនិយម,១០. គណបក្សសញ្ជាតិកម្ពុជា និង១១. គណបក្សខ្មែរស្រឡាញ់ខ្មែរ៕
ដោយ ៖ សំរិត