ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  ៣-របៀបចែចូវ :

  ក្នុងទវារៈដំបូង មាតាបិតា ឬអាណាព្យាបាលកូនប្រុសកាលបើពិនិត្យមើលគំនិតមារយាទ និងពិនិត្យមើលតាមតម្រាអម្បាលនេះឃើញគួរសមនឹងចិត្តរបស់ខ្លួនហើយ រមែងពឹងរកមនុស្សដែលជាញាតិឬ ដែលធ្លាប់ស្និទ្ធស្នាលនិងមាតាបិតា ឬអាណាព្យាបាលខាងកូនស្រីជាអ្នកដែលមានគូស្រករដោយមានខាន់ស្លា ហើយមានជីវិតរស់នៅទាំងពីរជាអ្នកមានសតិបញ្ញាស្គាល់ខុសត្រូវខ្ពស់ទាប ជាអ្នកមានវាចាច្រើនទៀងត្រង់បានពីរនាក់ ឱ្យទៅសួរនិយាយចែចូវ គឺនិយាយស្ទាបស្ទង់មើលសិន អស់វារៈបីដង។

  អ្នកនាំការនេះតាមភាសាបុរាណហៅថា អ្នកចែចូវក៏បាន មេអណ្ដើកក៏បាន ឈ្មាយក៏បាន។

 ក).ជើងដំបូងត្រូវមានរបស់កំដរដៃទៅបន្តិចបន្តួចដូចជាស្លាម្លូ ថ្នាំខ្ចប់ យកទៅ ។ កាលទៅដល់ហើយត្រូវស្រាយយករបស់អម្បាលនោះដាក់ទៅប្រអប់ស្លាដែលគេយកមកដាក់ទទួលខ្លួន និយាយសន្ទនាប្រាស្រ័យគ្នានូវគ្នា ពីនេះពីនោះតាមសមគួរ ហើយត្រូវនិយាយពីផ្លូវបញ្ឆិតបញ្ឆៀងថា” លោកអ្នកឈ្មោះនោះនិយាយនឹងខ្ញុំថា ចេះតែនឹករលឹកអាល័យចង់មកលេងនឹងលោក អ្នកឯណេះតើលោកអ្នកនឹងមានប្រសាសន៍ដូចម្ដេច? តែជឿថា លោកអ្នកគង់ជាមិនរង្គៀស គង់ជាអនុញ្ញាតឲ្យទៅមក ” ។

  មាតាបិតា ឬ អាណាព្យាបាលកូនស្រីត្រូវតបថា ” ការត្រង់នោះស្រេចនៅជិតលោកអ្នកឯណោះ ខ្ញុំមិនហ៊ានអារកាត់ឲ្យដាច់ខាតតទៅទេ តែសូមជ្រាបថា បើទុកជាអញ្ជើញមក ខ្ញុំក៏គ្មានវត្ថុអ្វីដ៏សមគួរ និងជូនដែរ ” តែប៉ុណ្ណោះហើយអ្នកបម្រើត្រូវលាត្រឡប់ទៅវិញ។

 ខ).ជើងគម្រប់ពីរ : ក្នុងជើងគម្រប់ពីរនេះ របៀបខាងដើមក៏ដូចគ្នានឹងជើងដំបូងដែរ ប្លែកតែនៅក្នុងជើងនេះត្រូវនិយាយថា” លោកអ្នកឈ្មោះនេះ បានពឹងខ្ញុំឲ្យមកជម្រាបថា ចង់មកលេងនឹងលោកអ្នកឯនេះខ្លាំងណាស់ ដោយឮដំណឹងថា លោកអ្នកស្រែសុកអំបុកជើងលាន ស្រលាញ់ចូលចិត្តចង់យកពូជស្រូវគង់មកបណ្ដុះក្រែងប្រកបមានផ្លែផ្ការក្សាវង្សត្រកូលតទៅ តើលោកអ្នកនឹងមានប្រសាសន៍ដូចម្ដេច? ”

  មាតាបិតា ឬអាណាព្យាបាល ត្រូវតបថា ស្រែនោះទោះបីអាក្រក់ល្អខ្ញុំមានមែន តែដែលលោកអ្នកឯណេះគិតយកពូជស្រូវគង់មកបណ្ដុះនោះ ក្រែងប្រកបគ្នា មួយទៀតអ្នករួមសម្បត្តិផងគ្នាក៏មានច្រើន ក្រែងគេបម្រុងពូជធារនឹងបណ្ដុះដែរក៏មិនអាចដឹងបាន សុំឱ្យបង្អង់ចាំស្ដាប់មើលទៅ នាយគង់ជានឹងដឹង។ តែប៉ុណ្ណេះហើយអ្នកចែចូវត្រូវត្រឡប់មកវិញ។

 គ).ជើងគម្រប់ទីបី : ក្នុងជើងគម្រប់ទី៣នេះ អ្នកសាមីដើមការ ត្រូវចាត់រកស្លាម្លូឲ្យបានក្រែលជាងជើងមុន ដាក់តោក ឬរង ១ គូប្រគល់ឲ្យអ្នកចែចូវកាន់យកទៅជាកំដរដៃដូចមុន។ ទៅដល់ហើយលើកជូនទៅមាតាបិតា ឬអាណាព្យាបាលកូនស្រីហើយជំរាបតាមដំណើរថា កាលខ្ញុំមកជើងមុនលោកអ្នកមានប្រសាសន៍ថា ស្រែជើងស្រុករបស់លោកអ្នកនោះ មានអ្នករួមសម្បត្តិផងគ្នាច្រើនក្រែងគេបម្រុងពូជធារនិងបណ្ដុះដែរ ក៏តែឥឡូវនេះលោកអ្នកឯណោះ ឲ្យមកជម្រាបថា សូមចិត្តលោកអ្នកម្ដង ដោយប៉ងយូរហើយថានឹងយកពូជស្រូវគង់ខាងឯនោះ មកបណ្ដុះ តើលោកអ្នកនឹងទុកផ្លូវឲ្យដើរ ទុកជណ្តើរឲ្យឡើង ដែរឬដូចម្ដេចសូមមានប្រសាសន៍?

  មាតាបិតា ឬអាណាព្យាបាលកូនស្រី បើបម្រុងនឹងឲ្យ គប្បីតបថា ” សេចក្តីនេះស្រេចនៅលោកអ្នកឯណោះ សប្បុរសស្មោះចិត្តផងគ្នា ខ្ញុំនឹងឃាត់ទៅឃើញដូចមិនសម នឹងបង្ខំឱ្យមកឃើញដូចជាមិនគួរ ឲ្យទៅជំរាបលោកអ្នកឯណោះវិញចុះថា ផ្លូវគេតែងតែដើរ ជណ្ដើរគេតែងតែឡើង ។ លំដាប់នោះអ្នកចែចូវត្រូវដណ្ដឹងសួគ៌ពីថ្ងៃខែឆ្នាំកំណើតរបស់នាងជាកូនស្រី ។ មាតាបិតាឬអាណាព្យាបាលត្រូវប្រាប់ជាកិច្ចដើម្បីសិរីសួស្ដីថា កូនយើងកើតថ្ងៃមាស ខែប្រាក់ ឆ្នាំសំរិទ្ធ ហើយត្រូវប្រាប់ឈ្មោះថ្ងៃខែឆ្នាំតាមត្រង់មួយសាទៀត។ ប៉ុណ្ណោះហើយអ្នកចែចូវត្រូវត្រឡប់មកវិញ។

  បែបរបៀបចែចូវដែលពោលមកនេះ សូមជ្រាបថា បែបមួយដែលគេតែងប្រើនិយាយមកហើយជាច្រើនតែមិនមែនសុទ្ធតែប្រើនិយាយមួយបែបតែប៉ុណ្ណោះ គង់មានវោហារនិយាយទៅផ្សេងៗតែលំនាំសេចក្តី ឬអត្ថរសប្រហែលៗគ្នានេះ។ 

  មួយទៀតអ្នកដែលទាមទារញាតិនិងគ្នា ឬ ដែលស្និទ្ធស្នាលនឹងគ្នាគេមិនបាច់និយាយចែចូវស្ទាបស្ទង់ដល់ទៅ ៣ ដងដូច្នេះទេ គេនិយាយដោយខ្លួនគេ ដោយត្រង់ៗចំៗ តែម្ដងក៏មានច្រើន។

(នៅមានត)

 

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត


ចែករំលែក៖