ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសុខាភិបាលខេត្តនិងអាជ្ញាធរបើកយុទ្ធនាការអប់រំផ្សព្វផ្សាយក្នុងសហគមន៍ស្តីពីការបង្ការ និងការពារជំងឺគ្រុនឈាម

ចែករំលែក៖

 

ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្នុងបើកយុទ្ធនាការអប់រំផ្សព្វផ្សាយក្នុងសហគមន៍ស្តីពីការបង្ការ និងការពារជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៏ថាៈករណីគ្រុនឈាមមានចំនួន៤០ករណី ដែលបានកត់ត្រានៅក្នុងរបាយការណ៍មន្ទីរពេទ្យរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ដោយឡែកនៅតាមមន្ទីរពេទ្យឯកជន និងករណីដែលប្រជាពលរដ្ឋទៅទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យក្រៅខេត្តនោះ មិនអាចកំណត់បាននោះទេ។ ក្នុងនោះមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន៤ករណីនៅទូទាំងប្រទេស។ មន្ទីរសុខាភិបាលខេត្តដែលមានការចូលរួមអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច យុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយក្នុងសហគមន៍ជាច្រើនអ្នក ស្តីពីការបង្ការ និងការពារជំងឺគ្រុនឈាម ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត ។

  នៅក្នុងឱកាសនោះ លោកស្រី ហេង សុភ័ក្ត្រ អភិបាលរងក្រុងប៉ោយប៉ែត បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗយុវវជន សិស្សានុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ត្រូវពាក់ខោអាវវែងៗ ចៀសវាងទៅកន្លែងព្រៃស្តុកៗ គេងក្នុងមុង និងធ្វើការសំអាតបរិវេនរស់នៅ កុំឲ្យមានទឹកដក់ តាមសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ និងវត្ថុអាចដក់ទឹកដទៃទៀត និងជួយផ្សព្វផ្សាយដល់អ្នករស់នៅក្បែរខាងឲ្យពួកគាត់យល់ដឹង ដើម្បីការពារបង្ការជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ យុទ្ធនាការនេះក្នុងគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម ដែលអាចឆ្លងតាមរយៈនៃមូសខ្លាខាំ ដើម្បីកុំឲ្យមានកើតមូសខ្លាបន្តទៀត ការកម្ចាត់ជម្រកមូសខ្លា។ បន្ទាប់ពីធ្វើយុទ្ធនាការនេះ ក៏ត្រូវបាន ការបែងចែកក្រុមការងារធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បាញ់ថ្នាំនៅតាមមូលដ្ឋាន និងកំពតព្រៃ។ កំចាត់ដង្កូវទឹកមូសខ្លា នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ ដាក់ថ្នាំអាបែត គ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក បើសិនករណីក្រុមគ្រួសារ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម សូមរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ចៀសវាងទុកយូរអាចខាតបង់ថវិកាច្រើន និងអាចយឺតពេលបាត់បង់ជីវិតផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖