ខេត្តបាត់ដំបង៖ ក្រុមជនសង្ស័យ០៣នាក់ត្រូវកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់។
យោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២២នេះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង២២និង៣០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់យកទូរស័ព្ទដៃ )១ករណី និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ ឡេង ហេង ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ លី ស៊ីថា ភេទប្រុស អាយុ២១ឆ្នាំ, ៣-ឈ្មោះ លួម ចាន់ថា ភេទប្រុស អាយុ២០ឆ្នាំ ជនទាំង៣នាក់នេះមានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតមាន ៖
- ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AE-7425 ( ជាម៉ូតូសម្រាប់ជិះធ្វើសកម្មភាព )
_ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOPPO F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)។
លោកនាយការិយាល័យបានបញ្ជាក់ថា ជនសង្ស័យខាងលើ កាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២១និង១០នាទី នៅចំណុចក្រុមទី០១ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ពួកគេបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ សោ ថាវន្ត ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចយើងក៏បានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា