ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធ២នាក់ជិះម៉ូតូឌុបគ្នាមេឃកំពុងភ្លៀងរអិលដួលចូលក្រោមកង់រថយន្តបណ្ដាលឱ្យស្ត្រីជាប្រពន្ធស្លាប់បាត់បង់ជីវិត

ចែករំលែក៖

    ខេត្តកណ្ដាល៖​ ស្ត្រីម្នាក់​បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម​ ខណៈដែលជិះម៉ូតូជាមួយប្តីទៅធ្វេីការ​ពេលមេឃកំពុងភ្លៀង​បណ្ដាលឱ្យរអិលដួលចូលក្រោមរថយន្ត​ធ្វើឱ្យរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម​ រីឯបុរសជាប្តីរងរបួសស្រាល​។  ករណីនេះ​បានកេីតឡេីងកាលពីថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ វេលាម៉ោង១៨និង១០នាទី​ លើផ្លូវជាតិលេខ១​ត្រង់ចន្លោះគីឡូម៉ែត្រ៥៧-៥៨​ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល។

​     មន្ត្រីនគរបាលស្រុកលេីកដែកបានឱ្យដឹងថា​ ជនរងគ្រោះស្លាប់ឈ្មោះ​ ទូច រី​ ភេទស្រី​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ រីឯជនរងគ្រោះជាប្តីរបួសស្រាលឈ្មោះ​ ភឿន វាសនា អាយ១៩ឆ្នាំំ ជនរងគ្រោះទាំង២នាក់​ មានទីលំនៅភូមិស្តៅកោង​ ឃុំស្តៅកោង​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង​   ។ ដោយឡែកភាគីខាងរថយន្តម៉ាកMitsubiShi Fuso ពណ៌ខៀវ​ ពាក់ផ្លាកលេខ​ ភ្នំពេញ3B-7525​ បើកបរដោយឈ្មោះខាត់ សុភាព ភេទប្រុស​ អាយុ៣៩ឆ្នាំ​  ជនជាតិខ្មែរ​ មានទីលំនៅភូមិបឹងដោល​ ឃុំបឹងដោល​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែ។ 

ប្រភពដដែលបន្តថា​ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង1H-7353 បើកបរដោយឈ្មោះ​ ភឿន វាសនា​ចេញដំណើរពីភ្នំពេញទៅព្រៃវែងដោយបើកក្នុងគន្លងខាងស្តាំ(ផ្លូវម៉ូតូ)។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើមេឃកំពុងភ្លៀង​ស្រាប់តែរអិលច្រាំងគន្លងផ្លូវ( ផ្លូវខ្ពស់ទាប)ដួលខ្ទាតចូលទៅគន្លងផ្លូវខាងរថយន្តដែលមានទិសដៅស្របគ្នាបើកពីក្រោយ​ក៏ជាន់ហ្រ្វ័ងមិនទាន់​ បណ្តាលឱ្យរថយន្តកិនស្លាប់ឈ្មោះ​ ទូច រី​ នៅកន្លែងកើតហេតុតែម្តង។ចំពោះរថយន្តបើកគេចពីកន្លែងកើតហេតុបានប្រហែល៧០០ម៉ែត្រត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានស្រុកលើកដែក។         

​    ចំពោះសាកសព​ សមត្ថកិច្ចបានប្រគល់ឱ្យគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ។ រីឯមធ្យោបាយពាក់ព័ន្ធមានរថយន្ត០១គ្រឿងនិងម៉ូតូ០១គ្រឿងត្រូវបានកម្លាំងចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែកជាភស្តុតាង ដើម្បីអនុវត្តទៅតាមនីតិវិធី។

សន្និដ្ឋាន​ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូពាក់ផ្លាកលេខស្វាយរៀង 1H-7353 មានការធ្វេសប្រហែសបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពមេឃកំពុងភ្លៀងរអិល។ ចំណែកអ្នកបើកបររថយន្តMitsuBishiFusoមិនអាចជាន់ហ្រ្វ័ងទាន់ក្នុងស្ថានភាពបែបនេះទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើង៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖