ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ៖​ កម្ពុជា អាចត្រូវបានចាត់ទុកជាប្រទេសលំដាប់ទីពីរក្នុងអាស៊ាន ដែលមានរយៈពេលនៃការចុះបញ្ជីម៉ាកបានលឿន

ចែករំលែក៖

ភ្នំពេញ៖ នេះបេីយោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ នៅថ្ងៃពុធទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក​ អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ​ បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី ការត្រួតពិនិត្យម៉ាក ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ 

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម, Mr. Junya Watanabe, Director, IP Department, JETRO Bangkok, លោក លោកស្រីអនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា, វាគ្មិនដែលអញ្ជើញពី JETRO Bangkok និង SOEI ASEAN Office ព្រមទាំង លោក លោកស្រី ដែលសិក្ខាកាមជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ឱ្យឃើញអំពីសន្ទុះរីកចម្រើនផ្នែកកម្មសិទ្ធិបញ្ញា និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិក្នុងការលើកកម្ពស់ចំណេះដឹងសាធារណៈ ចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពមន្ត្រីស្ថាប័នបន្ថែម ដើម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារ និងជំរុញឱ្យសាធារណៈជនប្រើប្រាស់កម្មសិទ្ធិបញ្ញាឱ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងថា ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការងារកម្មសិទ្ធិបញ្ញានេះ គឺជាកិច្ចការមួយដែលមានភាពប្រទាក់ក្រឡាដោយផ្ទាល់ផង និងដោយប្រយោលផងជាមួយភាគីពាក់ព័ន្ធ ជាច្រើន ទាំងកម្រិតអន្តរ-រដ្ឋាភិបាល កម្រិតអន្តរ-ក្រសួង ជាពិសេសវិស័យឯកជន។

លោករដ្ឋលេខាធិការ បន្តថា ក្នុងនាមក្រសួងពាណិជ្ជកម្មជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាន នាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព ការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ២០២២-២០២៧ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យ មានប្រសិទ្ធភាព និងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការ ស្រាវជ្រាវ និងការអភិវឌ្ឍ ការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងជាមួយស្ថាប័ន្ធពាក់ព័ន្ធនានា។

ក្នុងនោះផងដែរ កម្ពុជា បានបង្កើត៖

 ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ឆ្នាំ២០០២

 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឆ្នាំ២០០៣

 ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣

 ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ឆ្នាំ២០០៨

 ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឆ្នាំ២០១៤

 ច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ឆ្នាំ២០១៨

 សេចក្តីព្រាងច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនទម្លាយចេញ និង

 សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា

បន្ថែមពីនេះ កម្ពុជាក៏បានបន្តចូលរួមជាភាគីហត្ថលេខីនៃសន្ធិសញ្ញាមួយចំនួន ដែលគ្រប់គ្រងដោយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ រួមមាន៖

 ពិធីសារក្រុងម៉ាឌ្រីដ ឆ្នាំ២០១៥

 សន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) ឆ្នាំ២០១៦

 កិច្ចព្រមព្រៀងទីក្រុងទ្បាអេស្តីពីកិច្ចការពារគំនូរឧស្សាហកម្ម ឆ្នាំ២០១៧

 កិច្ចព្រមព្រៀងទីក្រុងលីស្បោនស្តីពីការហៅឈ្មោះតាមប្រភពដើមនៃទំនិញ និងម៉ាកសម្គាល់ភូមិ សាស្រ្តទំនិញឆ្នាំ ២០១៨

 សន្ធិសញ្ញាទីក្រុងប៉េកាំងស្តីពីការសម្តែងសោតទស្សន៍ ឆ្នាំ២០១៩

 និងអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ២០២២។

លោករដ្ឋលេខាធិការ បញ្ជាក់ថា យោងតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ឆ្នាំ ២០០២ រយៈពេលនៃការចុះបញ្ជីម៉ាក គឺមានរយៈពេល ៩ (ប្រាំបួន) ខែ ប៉ុន្តែនាយកដ្ឋានបាននឹងកំពុងពង្រីក សមត្ថភាពរបស់ខ្លួន ដោយព្យាយាមកាត់បន្ថយរយៈពេលនេះមកត្រឹមចន្លោះពី ៥ (ប្រាំ) ទៅ ៧ (ប្រាំពីរ) ខែវិញ ដើម្បីបម្រើផលប្រយោជន៍ជូនអ្នកដាក់ពាក្យស្នើសុំទាំងអស់។  ជារួម កម្ពុជា អាចត្រូវ បានចាត់ទុកជាប្រទេសលំដាប់ទីពីរក្នុងអាស៊ាន ដែលមានរយៈពេលនៃការចុះបញ្ជីបានលឿន។

នៅកិច្ចបញ្ចប់ លោករដ្ឋលេខាធិការ បានថ្លែងនូវអំណរគុណចំពោះក្រុមការងារទាំងអស់នៃអង្គការពាណិជ្ជកម្ម អង្គការ JETRO និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលបានខិតខំសហការរៀបចំសិក្ខាសាលានេះទ្បើង និងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការស្តាប់បទបង្ហាញរបស់វាគ្មិន ក៏ដូចជាលើកជាសំណួរផ្សេងៗ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក ដើម្បីឱ្យសិក្ខាសាលានេះកាន់តែទទួលបានលទ្ធផលត្រចះត្រចង់៕

ដោយ​៖សហការី​


ចែករំលែក៖