ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​ ចេញ​សេចក្តីជូនព័ត៌មាន ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បាន​ចេញ​សេចក្តីជូនព័ត៌មានស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និង ការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។ 

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ស្ថានភាព នៃជំងឺកូវីដ-១៩ នៅលើសកលលោក យើងសង្កេតឃើញថាមានការងើបឡើងវិញនូវការចម្លងវីរុសកូវីដ-១៩ ដោយឡែក ព្រះរាជាណាចក្រកម្ពុជារបស់យើងក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់និងនៅលើសកលលោកដែរ។ នេះបញ្ជាក់ថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាពិសេសពពួកអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្ត បន្ទាប់ បណ្តាលឱ្យលទ្ធភាពនៃការចម្លងគឺកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់កន្លែងទាំងអស់។ ដូច្នេះយើង ត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារកុំឱ្យមានការស្ទុះងើបឡើងវិញនិងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ចូលទៅ ក្នុងសហគមន៍របស់យើង និងដើម្បីបន្តនិរន្តរ៍ភាពដំណើរការប្រទេសជាបន្តទៅមុខទៀតប្រកបដោយសុវត្ថិភាពនិងភាពរីករាយ ក្នុងគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ដល់សាធារណជន បងប្អូនប្រជា ពលរដ្ឋ សូមបន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងគ្រួសារនិងសហគមន៍យើងទាំងអស់គ្នា ដោយបន្តអនុវត្តតាមការ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា នូវវិធានការ ” ៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដែលបាន ដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២០មក ហើយជាបន្តបន្ទាប់មកសម្ដេចក៏តែងតែក្រើនរំលឹកជាញឹកញាប់ ឱ្យបន្តនូវការអនុវត្តវិធានការខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគម និងសង្គមទាំងមូល និងបន្តទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសជម្រុញទី៣ ទី៤ ទី៥ និងដូស ជម្រុញនានា ដើម្បីបញ្ចៀសនូវការរីករាលដាលដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើត មានជាយថាហេតុ។

លើសពីនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជាយើង បានឈានចូលជាបណ្តើរៗ ដល់ពេលវេលាដែលអាកាសធាតុ ត្រជាក់នៃរដូវរងារបាននិងកំពុងមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺ ដង្កាត់ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង នូវសារអប់រំសុខភាព និងការបង្ការសុខភាពសំខាន់ៗ មានដូចខាងក្រោមនេះ ៖

១. ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែ ធ្នូ ដល់ខែមករានៃឆ្នាំ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្រ្តីបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហូរសំបោររលាកបំពង់ក ក្អក និង រលាកក្រពះពោះវៀនដោយពពួកវីរុស ជាដើម។ ខាងក្រោមនេះ គឺជាវិធានការសាមញ្ញមួយចំនួន ដែលលោកអ្នកអាចអនុវត្តដើម្បីថែរក្សាខ្លួនអ្នកនិងក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ជរា ទារកនិងកុមារ៖

– ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួន ប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។

ចូរស្វែងរកការព្យាបាលវេជ្ជសាស្ត្រនៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដក ដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬសង្ស័យថាជាជំងឺកូវីដ-១៩ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែល

មិនបានរៀបរាប់នៅក្នុងសេចក្ដីណែនាំនេះបានអស់។ ចូរចងចាំថា សូមធ្វើដំណើរ តែនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថា លោកអ្នកមានជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) គួរពន្យាផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មាន សភាពស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវបើ ប្រាស់ឱសថប្រភេទអង់ទីប៊ីយូទិក(ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ។ ពេលលោកអ្នក ក្អក ឬ កណ្តាស សូមខ្ទប់មាត់ជាមួយក្រដាសក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់​ ឬកន្សែង សូមក្អក ឬ កណ្ដាស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទៅខ្ទប់មាត់នោះទេ។

លាងសម្អាត ដៃ របស់លោកអ្នក ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬអាកុល ឬជែលលាងដៃ ហើយ ចៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ផ្ទៃមុខ ភ្នែក ច្រមុះ និងមាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាង សម្អាតដៃទេនោះ។

បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឲ្យមានការចម្លងរោគ ដោយមិនត្រូវនៅជិតស្និទ្ធពេក និងត្រូវអនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ។

២. ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ ។ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ។ ហើយមនុស្សចាស់ សរីរាង្គពិបាកទប់ទល់ជាមួយអាកាសធាតុត្រជាក់ផង ដែរ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឲ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវ ពីអ្នកថែទាំពួកគេ។ ដូច្នេះ ចំណុចខាងក្រោមនេះ អាចជាជំនួយក្នុងការយល់ដឹងសម្រាប់កិច្ចការពារពួកគេ៖

ទារកអាយុតិចជាងមួយឆ្នាំ មិនគួរឲ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្ដល់សម្លៀកបំពាក់ដែលកក់ក្តៅនិង ដណ្តប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាពឲ្យបានកក់ក្ដៅសម្រាប់ខ្លួនប្រាណ ពួកគេ ក៏ដូចជា នៅក្នុងបន្ទប់របស់ទារក។

— មនុស្សវ័យចំណាស់ ជាញឹកញាប់ មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិចឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។ ដូច្នេះ មនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារត ការឆ្លើយតបរបស់រាងកាយជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម និង ជំងឺបេះដូង ជាដើម។

— កុមារតូចៗ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលមានអាកាសធាតុ ត្រជាក់ ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះ វាអាចរំខានដល់ចរាចរ ឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយទៅវិញ។

កុមារ និងមនុស្សវ័យចំណាស់ គួរពាក់មួក និងស្រោមជើង នៅពេលចេញទៅខាងក្រៅ ក្នុងពេលមានអាកាស ធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលអាចបាត់បង់តាមរយៈ ដៃ ក្បាល និងជើង។

· ពិសារទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹង ភាពត្រជាក់។

ក្រសួងសុខាភិបានសូមលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ អនុវត្តធ្វើតេស្តរហ័សដោយខ្លួនឯងក្នុងករណីដែល មានរោគ សញ្ញាណាមួយដែលសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្ក ឱ្យមានការចម្លងទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។ ប្រសិនបើមានលទ្ធផលវិជ្ជមាន ត្រូវនៅដាច់ពីក្រុមគ្រួសារ ថែទាំ និងព្យាបាលដោយខ្លួនឯងនៅផ្ទះក្នុងករណីស្រាល តែបើមានរោគសញ្ញាវិវត្តន៍ទៅធ្ងន់ធ្ងរត្រូវទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ។ ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយក មកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្ល ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ​៖សហការី​


ចែករំលែក៖