ក្នុងឆ្នាំ 2020 ការចំណាយលើវិស័យយោធានិងការពារជាតិទូទាំងពិភពលោកបានឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេលវេលាគឺជិត២ ពាន់ពាន់លានដុល្លារ។ ភាគច្រើនគឺសម្រាប់ការទិញអាវុធ បរិក្ខារយោធា ដូចជារថក្រោះ យន្តហោះ កាំជ្រួច និងប្រព័ន្ធផ្នែករឹង និងអាវុធផ្សេងទៀត។
មិនមានប្រទេសច្រើនទេដែលមានឧស្សាហកម្មឯកជនខ្លាំងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការយោធា ដោយត្រូវពឹងលើពាណិជ្ជកម្មអន្តរជាតិដើម្បីទិញសព្វាវុធ។ តាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) 24/7 Wall St. (សហរដ្ឋអាមេរិកដែលជាគេហទំព័រមានឯកទេសខាងព័ត៌មានហិរញ្ញវត្ថុអំពីទីផ្សារភាគហ៊ុន ឧស្សាហកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាលស្តីពីសេដ្ឋកិច្ច) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានកំណត់ប្រទេសចំនួន 25 ថាជាអ្នកនាំចេញអាវុធធំជាងគេនៅលើពិភពលោក។
ប្រទេសនានាត្រូវបានចាត់ថ្នាក់ដោយផ្អែកលើតម្លៃនៃការនាំចេញអាវុធនៅក្នុងការនាំចេញសព្វាវុធជាសាកលសរុបពីឆ្នាំ 2017 ដល់ឆ្នាំ 2021។
ប្រទេសទាំង ២៥ រួមមាន៖ សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន អាល្លឺម៉ង់ អុីតាលី អង់គ្លេស កូរ៉េ អេស្ប៉ាញ អុីស្រាអែល ហុល្លង់ ទួរគី ស៊ុយអែត អ៊ុយក្រែន ស្វីស អូស្ត្រាលី កាណាដា អារ៉ាប់រួម អាហ្វ្រិកខាងត្បូង បេឡារុស្ស ប្រេស៊ីល ន័រវេស ឥណ្ឌា សាធារណរដ្ឋឆេក និងហ្ស៊កដានី។ សហរដ្ឋអាមេរិកមានការលក់អាវុធ (39%) និងរុស្ស៊ី (19%) តែម្នាក់ឯងមានច្រើនជាងពាក់កណ្តាលនៃការនាំចេញអាវុធទូទាំងពិភពលោក។
ប្រទេសដែលទិញអាវុធពីអាមេរិកច្រើនជាងគេ គឺ អារ៉ាប៊ី សាអ៊ូឌីត មានដល់ទៅ២៣% ហើយអ្នកទិញអាវុធធំទីពីរ និងទីបីរបស់អាមេរិក គឺអូស្ត្រាលី (9.4%) និងកូរ៉េខាងត្បូង (6.8%) ទាំងនេះគឺជាប្រទេសដែលទិញអាវុធច្រើនជាងគេពីអាមេរិក។
ជាមួយរុស្ស៊ី អតិថិជនធំជាងគេគឺឥណ្ឌា (28%) ធំទីពីរគឺចិន (21%) ធំទីបីគឺអេហ្ស៊ីប (13%)។ យោងតាមគេហទំព័រគោលនយោបាយបរទេសនាពេលថ្មីៗនេះ ការលក់អាវុធរបស់រុស្ស៊ីទៅកាន់ប្រទេសអាហ្វ្រិកមួយចំនួនត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដែលជាលទ្ធផលផ្ទាល់នៃសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ Bloomberg