ភ្នំពេញ៖ ប្រទេសកម្ពុជា មានប្រពៃណីជាង ៧០០ឆ្នាំ មកហើយក្នុងការដាំដុះម្រេច ដែលជាអត្ថប្រយោជន៍ពីធម្មជាតិមិនអាចរំលងបាន។ ម្រេចខ្មៅ (Piper nigrum) គឺជារុក្ខជាតិវល្លិ៍ ហើយដែលជាទូទៅគេសម្ងួតផ្លែវាដើម្បីប្រើប្រាស់ជាគ្រឿងទេស និងគ្រឿងបន្ថែមរសជាតិ។ គេបានប្រើប្រាស់ម្រេចតាំងពីសម័យបុរាណសម្រាប់ឱជារសរបស់វា និងធ្វើជាឱសថ ហើយគឺជាគ្រឿងទេសដែលបានធ្វើពាណិជ្ជកម្មច្រើនបំផុតលើពិភពលោក។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣។
ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា ប្រទេសកម្ពុជា មានធាតុអាកាស និងលក្ខខណ្ឌដីយ៉ាងល្អប្រសើរសម្រាប់ម្រេច ហើយដូចបានរៀរាប់ខាងលើ គឺគេបានដាំដុះតាំងពីដើមសតវត្សទី១៣ ជាពិសេសក្នុងកំឡុងសម័យអាណានិគមបារាំងដែលគេបានហៅថា “ម្រេចកំពត” (ពីខេត្តកំពត) ដោយបានបង្កើតនូវកេរ្តិ៍ឈ្មោះល្បីពីរសជាតិពិសេសរបស់វា។ ផលិតកម្មជាអតិផលចាប់ផ្តើមនៅដើមសតវត្សទី ២០ ហើយដែលចំណុចខ្ពស់បំផុតនៃផលិតកម្ម និងការនាំចេញម្រេចអាចមានរហូតដល់ ៨.០០០ តោន ក្នុងមួយឆ្នាំ។ តែទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តផលិតកម្មម្រេចទាំងមូល ក្នុងប្រទេសកម្ពុជាបានដល់ចំណុចបញ្ចប់ក្នុងកំឡុងរបបខ្មែរក្រហម។ ផលិតកម្មម្រេចទើបតែចាប់ផ្តើមបង្កើតឲ្យមានឡើងវិញបន្តិចម្តងៗ បន្ទាប់ពីទស្សវត្សឆ្នាំ ១៩៩០។
បច្ចុប្បន្ន វិស័យម្រេចមានសក្តានុពលសម្រាប់បង្កើនការនាំចេញ និងតម្លៃបន្ថែម។ ម្រេចជាផ្នែកមួយនៃវិស័យ “បន្លែ និងផ្លែឈើ” ដែលជាវិស័យមួយក្នុងចំណោមវិស័យមានសក្តានុពលទាំង១៩ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (ឆ្នាំ២០០៧)។ ម្រេចក៏ជាផលិតផលស្ថិតក្នុង “ផលិតផលសំខាន់ទាំងដប់” ផងដែរក្នុងខេត្តចំនួនប្រាំ៖ ខេត្តកំពង់ចាម កំពត កែប ក្រចេះ និងខេត្តព្រះសីហនុ៕
ដោយ៖ស តារា