ភ្នំពេញ ៖ ស្ថានភាពរបស់អ្នកជំងឺ (ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) ជាក់ស្ដែងបច្ចុប្បន្ននេះ គឺមានលំនឹង ឬក៏នឹងនរជាបណ្ដោះអាសន្ន។
«នឹងនរជាបណ្ដោះអាសន្ននេះ បានន័យថា អ្នកជំងឺកំពុងតែមានកត្ដាបញ្ហាប្រឈមជាប់នឹងខ្លួនជាប្រចាំ ហើយកត្ដាប្រឈមនេះ កើតមានក្រោយពេលដែលគាត់មានបញ្ហាលើកទី១ (ពេលដែលស្ដ្រីរងគ្រោះខាងលើ ត្រូវពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) ដែលយើងបានជួយសង្គ្រោះអាយុជីវិតគាត់ឱ្យរស់ផុតពីគ្រោះថ្នាក់ភ្លាមៗពេលបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត។ ពេលសុខភាពប្រសើរបន្ដិច គាត់បន្ដទៅព្យាបាលនៅប្រទេសថៃ តែកត្ដាប្រឈមនោះនៅតែមានជាប់ខ្លួន ដោយពេទ្យថៃមិនអាចស្រាយបញ្ហាប្រឈមនេះបានទេ»។ នេះជាលើកឡើងពី លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់ សារព័ត៌មានកន្លងទៅថ្មីៗនេះ។
លោកបន្ដថា ដូច្នេះពេលគាត់ត្រលប់មកពីថៃវិញ គឺក្រុមគ្រូពេទ្យយើង បានបន្ដថែទាំសុខភាពរបស់គាត់ឱ្យនៅនឹងនជាបណ្ដោះអាសន្ន ដោយខិតខំពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែបញ្ហាប្រឈមអាចធ្វើឱ្យអ្នកជំងឺជួបនឹងបញ្ហាគ្រោះថ្នាក់ជាក់ស្ដែង នៅពេលណាមួយក្នុងពេលខាងមុខនេះ ។
លោកសាស្ដ្រាចារ្យបានធ្វើការប្រៀបធៀបថា អ្នកជំងឺមានភាពល្អប្រសើរជាលំដាប់នោះ គឺទាល់តែអ្នកជំងឺអាចហូបអាហារតាមមាត់បាន ហើយការហូបអាហារតាមមាត់បាន សាធារណៈជនបានយល់ច្រើនហើយថា ទាល់តែមានពោះវៀនយកមកផ្សុំាឱ្យគាត់ ហើយពេលដែលផ្សុំាទៅ ពោះវៀននេះដំណើរការ ចឹងអ្នកជំងឺអាចហូបតាមមាត់បាន ចឹងយើងសង្ឃឹមថានឹងមានភាពប្រសើរឡើងជាលំដាប់ អាចទៅរកភាពសឹងតែធម្មតាវិញបាន។
«ប៉ុន្ដែលក្ខណៈនៃការផ្សុំាពោះវៀនបាន ឬបច្ចេកទេសដែលមានលក្ខខណ្ឌ យកមកដាក់ឱ្យគាត់ លុះណាតែអ្នកជំងឺ បាត់រលត់នូវកត្ដាប្រឈមទាំងនោះពីក្នុងខ្លួនគាត់សិន ហើយកត្ដាប្រឈមប្រៀបធៀបដូចជា អ្នកជំងឺកំពុងអោបគ្រាប់បែកនៅនឹងខ្លួន ចឹងការផ្សុំាពោះវៀននេះ បើមានពោះវៀនហើយ មានបច្ចេកទេសហើយ យកមកផ្សុំាឱ្យគាត់បានទាល់តែមានពេទ្យណាអាចដកគ្រាប់បែកចេញពីខ្លួនគាត់បាន ហើយគ្រាប់បែក សូម្បីតែគាត់ទៅព្យាបាលនៅថៃ ក្នុងរយៈពេល១ខែមកនេះ ពេទ្យថៃមុនដំបូងសន្យាថា គាត់នឹងធ្វើការវះកាត់អ្នកជំងឺម្ដងទៀត ដើម្បីបំបាត់កត្ដាប្រឈម បានន័យថា គាត់នឹងសាកល្បងដោះនូវគ្រាប់បែបនេះ ក៏ប៉ុន្ដែគាត់មិនបានធ្វើទេ ដូច្នេះគ្រាប់បែកដែលជាប់នៅនឹងខ្លួនគាត់ ប្រហែលជាមិនអាចដកបាននោះទេ»។
សូមបញ្ជាក់ថា, មើលពេលណា អាណិតគាត់ពេលនោះ ស្តី្រក្នុងលោក ពិតជាលំបាក ប្រឈមគ្រោះថ្នាក់ ក្នុងនាមជាម្តាយពពោះ ប៉ះចំគ្រូពេទ្យ គ្មានវិជ្ជាជីវៈ ដូច្នេះច្បាប់គួរតែត្រូវបានអនុវត្តចំពោះការធ្វេសប្រហែស ពីសំណាក់គ្រូពេទ្យស្ទើរចំណេះ និងជំនាញបែបនេះ ដូចអ្វីដែល លោកស្រីវេជ្ជបណ្ឌិតបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានពង្រឹង ដល់ វិជ្ជាជីវៈ ក្រុមគ្រូពេទ្យ អោយមាន សីលធម៌ ការទទួលខុសត្រូវ យកចំណេះដឹងមកប្រើប្រាស់ចំគោលដៅ។
រហូតមកដល់ពេលនេះ ស្រ្តីរងគ្រោះ មិនទាន់អាចហូបចំណីតាមមាត់នៅឡើយទេ ដោយត្រូវបញ្ចូលសារធាតុចិញ្ចឹមតាមសសៃឈាមនៅឡើយ!
ក្រុមគ្រួសារសាច់ញាតិគាត់ ក៏ដូចជាមជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ សង្ឃឹមថា គាត់អាចវិលមករកសភាពដូចដើមវិញចុះ បើទោះក្តីសង្ឃឹមមានតិចក៏ដោយនោះ ៕
ដោយ ៖ សហការី