ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុងពិធីសំណេះសំណាលប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ នៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់ សម្ដេចតេជោ ហ៊ុន សែន៖

សម្តេចតេជោ បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបង្រៀន បន្តខិតខំសិក្សាលើកកម្រិតវិជ្ជាជីវៈរបស់ខ្លួន ដើម្បីឈានទៅដំឡើងក្របខណ្ឌនៃការបង្រៀនរបស់ខ្លួន និងឈានទៅអប់រំដល់កម្រិតបរិញ្ញាបត្របូកមួយ ដែលស្របទៅនឹងគោលនយោបាយការរៀនពេញមួយជីវិតដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

សម្តេចតេជោ ថ្លែងថា វិស័យអប់រំរបស់កម្ពុជាពេលនេះ បានដើរចេញមកឆ្ងាយហើយ។ បើប្រៀបធៀបឆ្នាំ១៩៧៩ពេលនោះកម្ពុជា មានការលំបាកណាស់ ក្នុងការជ្រើសរើសគ្រូបង្រៀនដើម្បីមកបង្រៀនសិស្ស ដោយសារតែសង្គ្រាមបានបំផ្លាញអស់សូម្បីតែគ្រូបង្រៀន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ គឺរាជរដ្ឋាភិបាលបានដាក់ចេញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាព នៃការបណ្តុះបណ្តាល។

សម្តេចតេជោ ថ្លែងថា បច្ចុប្បន្នអតីតគ្រូបង្រៀនដែលបានជ្រើសចេញពីឆ្នាំ១៩៧៩ ភាគច្រើនបានចូលនិវត្តន៍ ហើយពេលនេះគ្រូបង្រៀនភាគច្រើន បានជ្រើសរើសចេញពីគ្រូដែលបានបណ្ដុះបណ្ដាលថ្មី។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រីឱ្យចេះវិវឌ្ឍន៍តាមសម័យកាល(Update)។ សម្តេចបញ្ជាក់ថា «សម័យDigital បើមនុស្សមិនDigitalក៏មិនកើតដែរ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្សាយបន្ដផ្ទាល់មិនបាច់ផ្សាយតែកន្លែងល្អៗទេ ប៉ុន្ដែកន្លែងមិនល្អក៏ត្រូវផ្សាយដែរ ដើម្បីសម្ដេចអាចបានឃើញ និងទទួលបានព័ត៌មានពីចំណុចដែលខ្វះខាតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកំហុសដ៏ធំរបស់ប្រទេសដែលតែងតែអួតថា ជាបិតាប្រជាធិបតេយ្យ ដោយបង្កើនកំហុសធំៗចំនួន២សម្រាប់កម្ពុជា ទី១-គាំទ្ររដ្ឋប្រហារទម្លាក់សម្តេច ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៧០ និងទី២-គាំទ្រខ្មែរក្រហម ដែលសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែររាប់លាននាក់ នៅឆ្នាំ១៩៧៥-១៩៧៩ តែសូមកុំបង្កើតឱ្យមានកំហុសទី៣ សម្រាប់កម្ពុជាឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា របបប៉ុលពត សាលារៀនទាំងអស់នៅកម្ពុជា គឺត្រូវខ្ទេចតែម្ដង ក្រោយរំដោះរបបនេះកូនចៅរបស់ប្រជាពលរដ្ឋភាគច្រើនគឺបានចូលរៀននៅតាមកុដិលោក តាមវត្តអារាម។

សម្តេចតេជោ ថ្លែងថា ក្រុមបរទេសដែលអះអាងខ្លួនថា ជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែកសាងកំហុសចំពោះកម្ពុជា បណ្ដាលឱ្យរងគ្រោះព្រោះសង្គ្រាម ធ្វើឱ្យប្រទេសរងគ្រោះគ្រប់បែបយ៉ាង ប៉ុន្ដែសូម្បីតែពាក្យសូមទោសមួយម៉ាត់ ក៏បរទេសទាំងនោះមិនបានធ្វើចំពោះកម្ពុជាផង គឺប្រើត្រឹមពាក្យសោកស្ដាយប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដាំមនុស្ស គឺត្រូវការរយៈពេល សម្រាប់កម្រិតចំណេះដឹងទូទៅមធ្យមសិក្សាត្រូវការ១២ ឆ្នាំ កម្រិតបរិញ្ញាបត្រត្រូវការពេល ៤ ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់ត្រូវការ ២ និងថ្នាក់បណ្ឌិតត្រូវការច្រើនឆ្នាំថែមទៀត ក្នុងនោះសូម្បីតែឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រើពេល ៤ ឆ្នាំដើម្បីរៀនថ្នាក់បណ្ឌិត។ សម្តេចតេជោ បន្ថែមថា ដាំដើមឈើយើងត្រូវការ ៤-៥ ឆ្នាំបានផ្លែ ប៉ុន្ដែដាំមនុស្សគឺត្រូវការពេលច្រើន និងត្រូវការកាវិនិយោគជាច្រើនបន្ថែមទៀត។

សម្តេចតេជោ ថ្លែងថា កម្ពុជាមានកំណើនប្រជាពលរដ្ឋជាង៣០ម៉ឺននាក់ក្នុង១ឆ្នាំ។ កាលពីរំដោះឆ្នាំ១៩៧៩ កម្ពុជាមានប្រជាពលរដ្ឋតែជាង៥លាននាក់ ប៉ុន្ដែមកដល់ពេលនេះ គឺមានរហូតដល់ ១៧លាននាក់ ដូច្នេះតាមរយៈកំណើនប្រជាជន គឺត្រូវកសាងសាលារៀនបន្ថែមរឹតតែច្រើនដែរ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យពិនិត្យមើលអគារសាលារៀន ដែលមានសភាពចាស់ទ្រុឌទ្រោម និងសាលាខ្លះទៀតខ្វះអគារ និងបន្ទប់ក្នុងការសិក្សា ដោយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែង។

សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូដែលទើបទទួលបានសញ្ញាបត្រនាថ្ងៃនេះថា ដើម្បីអាចធានាថាអាចឡើងកម្រិងក្របខណ្ឌមន្រ្ដីរបស់ខ្លួន គឺត្រូវបន្តខិតខំរៀនសូត្របន្ថែម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគោលបំណងចង់ធ្វើជាឃុំ នៅតំបន់ណាមួយ ,នៅថ្ងៃណាមួយ ពេលដែលសម្តេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ខេត្ត និងស្រុកដែលឆ្លាត បើចង់បានគ្រូបង្រៀនល្អនៅកន្លែងរបស់ខ្លួន គឺត្រូវកសាងកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀន។

សម្តេចតេជោ ហ៊ុន សែន សោកស្ដាយក្រុមដែលអះអាងថា ខ្លួនប្រកាន់របបប្រជាធិបតេយ្យ ប៉ុន្ដែគ្រាន់តែក្រុមអតីតសកម្មជន និងយុវជនសង្គមស៊ីវិល ដែលធ្លាប់ប្រឆាំងរាជរដ្ឋាភិបាល បែរមកចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាល នាំគ្នាទៅរិះគន់ និងប្រមាថក្រុមសកម្មជន និងយុវជនទៅវិញ ដែលសកម្មភាពនេះមិនបង្ហាញពីការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃទៅវិញទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់តាំងពីឆ្នាំ ១៩៧៧ រហូតដល់ពេលនេះ គ្មាននរណាម្នាក់ដែលហ៊ានអះអាងថា ជាមេរបស់សម្ដេចនោះទេ ដូច្នេះកុំមកអះអាង ឬតាំងខ្លួនថា ជាមេ របស់សម្ដេចតេជោឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចបានប្រើប្រាស់វិធីសាស្រ្ដចំនួន៣ សម្រាប់ការវិភាគលើស្ថានការណ៍ផ្សេងៗ ក្នុងនោះ ទី១ វិចារវិជ្ជា, ទី២ ទស្សនៈប្រវត្តិសាស្រ្ដ និងទី៣ ឡូស៊ិក តក្កវិទ្យា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមហ៊ុន ប៊ូយ៉ុង បានប្រកាសផ្តល់រថយន្តក្រុងចំនួន ១.០០០គ្រឿងបន្ថែមទៀតដល់កម្ពុជា សម្រាប់រៀបចំបណ្តាញដឹកជញ្ជូននៅកម្ពុជា។

សម្តេចតេជោ ថ្លែងថា ក្រុមហ៊ុនប៊ូយ៉ុងបានសន្យាចំពោះមុខសម្តេចតេជោ នឹងមិនយកប្រាក់ចំណេញពីការរកស៊ីនៅកម្ពុជាចេញទៅក្រៅប្រទេសឡើយ ហើយក្រុមហ៊ុននេះក៏មានបំណងបើកសាកលវិទ្យាល័យជំនាញសុខាភិបាលនៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំក្រោយៗទៀត ការវិភាជថវិកាក្នុងវិស័យអប់រំ គឺផ្ដោតការយកចិត្តទុកដាក់ទៅលើការកសាងសាលារៀន ជំនួសឱ្យអគារចាស់ និងកសាងអគារថ្មី និងផ្ទះគ្រូបង្រៀន។

សម្ដេចតេជោ ចង់ឃើញប្រទេសកម្ពុជា មានសាលារៀនល្អៗ ហើយក្នុងកាលៈទេសៈចាំបាច់ សាលារៀនបានចូលរួមជួយច្រើន ដូចជា៖ ករណីវិបត្តិកូវីដ-១៩ ដោយសាលារៀនជាច្រើនបានយកមកធ្វើជាកន្លែងចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបណ្តាញចែកចាយប្រព័ន្ធ Internet នៅកម្ពុជាកាន់តែមានទំហំធំ និងស្ថិរភាព ព្រោះការងារមួយចំនួនទាំងកម្រិតរាជរដ្ឋាភិបាល វិស័យឯកជន និងសាធារណជនទូទៅសុទ្ធតែប្រើប្រាស់ប្រព័ន្ធ Internet សម្រាប់បំពេញកិច្ចការ និងទំនាក់ទំនងប្រចាំថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ ខណៈដែលការជួបជុំដ៏ធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមានបញ្ហាអ្វីកើតឡើងដោយជំងឺកូវីដ-១៩នោះទេ។

សម្តេចតេជោ ថ្លែងថា ទោះបីជាសម្ដេចបានប្រកាសលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស ប៉ុន្ដែការបន្តអនុវត្តនូវវិធានការការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺជាការទប់ស្កាត់បាននូវការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩នៅកម្ពុជា៕

ដោយ៖ស តារា


ចែករំលែក៖