ភ្នំពេញ៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមកដល់ពេលនេះបានបង្អួចរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតដល់១ម៉ឺនគ្រែ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិ បាលនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ មិថុនា២០២៣ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះជាថ្មីម្តងទៀត ដើម្បីជំរុញ ពន្លឿន ការងារសាងសង់មន្ទីរពេទ្យនេះឲ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេស សម្រិតសម្រាំងឲ្យ បានស្អាត ចំពោះកិច្ចដែល នៅសេសសល់។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ មកដល់ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានចេញជារូបរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលមានរហូតដល់១ម៉ឺនគ្រែ។ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានជម្រុញអោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltd ដែលជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ រៀបចំការងារដែលនៅសេសសល់អោយបានស្អាត និងទាន់ពេលវេលា។
ជាគម្រោង មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនឹងត្រូវស្ថាបនាអោយបានរួចរាល់ក្នុងខែមិថុនានេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។
សូមរំលឹកថា៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់មានប្រមាណ ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ A,S, E, H1,H2,H3,H4,H5, H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុនស៊ីជេអុីស៊ី CJEC.co,Ltd សហការជា មួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ ខណ្ឌ នៅរាជធានីភ្នំពេញ។ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា៕
ដោយ ៖ សំរិត