ខេត្តពោធិ៍សាត់ ៖ គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៧២ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(ថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១- ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣)និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលបានប្រារព្ធធ្វើនៅស្នាក់ការគណបក្សខេត្តស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធាក្រុមការងារចុះជួយក្រុងពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ប្រធានកិត្តិយសសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃខេត្តពោធិ៍សាត់ព្រមទាំងបានការចូលរួមពីតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់សមាជិក សមាជិការបក្សសង្កាត់ទាំង៧ និងស្ថាប័នអង្គភាពគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ទូទាំងក្រុងពោធិ៍សាត់។
នៅក្នុងពិធីនេះពិនិត្យឃើញថា ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាបក្ស ដែលបានអញ្ជើញចូលរួមក្នុងពិធីដង្ហែរបើកយុទ្ធនាការឃោសនាចំនួន៩៥០០នាក់បានពាក់អាវនិងមួកផ្កាឈូកមានរូបសញ្ញាទេវតាបាចផ្កា ចារ្យអក្សរថា អរគុណសន្តិភាពនិងការអភិវឌ្ឍគ្រប់ៗគ្នា ។ ចំពោះមធ្យោបាយមានរថយន្តធុនធំ២០៦គ្រឿង រថយន្តតូច ចំនួន២២០គ្រឿង និងទោចក្រយានយន្តចំនួន២៤០០គ្រឿង បានរៀបចំតុបតែងបិទខិតប័ណ្ណមានរូបសញ្ញាគណបក្សគ្រប់មធ្យោបាយរួមគ្នាដង្ហែរតាមដងផ្លូវសាធារណៈ ទីប្រជុំជនរួចបន្តទៅតាមសង្កាត់រៀងៗខ្លួន ដោយលាយឡំទៅនឹងក្រុមឆៃយ៉ាំ ក្រុមម៉ុងសាយ ក្រុមតន្ត្រីបានប្រគុំតាមឧបករណ៍បំពងសម្លេង លាន់លឺកងរំពងសំដៅស្វែងរកការគាំទ្រពីមហាជននិងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
បន្ទាប់ពីបានស្តាប់សារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងឱកាសអបអរសាទរខូបលើកទី៧២ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១-២៨មិថុនា២០២៣នោះរួចមក លោក ខូយ រីដា អភិបាលខេត្ត ពោធិ៍សាត់ និងជាប្រធានគណកម្មាធិការគណបក្សខេត្ត បានឲ្យដឹងថា ថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៣គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ជាលក្ខណៈទ្រង់ទ្រាយធំរបស់គណបក្សនយោបាយក្នុងនោះ គណកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់ បានប្រមូលផ្តុំមន្ត្រីបក្សគ្រប់ផ្នែកគ្រប់ថ្នាក់នៅស្នាក់ការគណបក្សខេត្ត ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ដើម្បីស្តាប់សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៧២ថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជានិងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧។ ក្នុងពិធីដង្ហែរនៃយុទ្ធនាការឃោសនា ថ្ងៃដំបូងសម្រាប់សង្កាត់ទាំង៧នៃក្រុងពោធិ៍សាត់ ក៏ដូចបណ្តាស្រុកផ្សេងៗទៀត ពិនិត្យឃើញថាមន្ត្រីគណបក្សប្រជាជន កម្ពុជាបានមកចូលរួមមានតាំង មេក្រុមបក្ស គ្រួសាបក្ស ថ្នាក់ភូមិ សង្កាត់ ក្រុង មន្ទីរ អង្គភាព បងប្អូនអាជីវករ អាហាដ្ឋាន ផ្ទះសំណាក់បានមកចូលរួមដង្ហែរក្បួននៅតាម ដងផ្លូវជាតិលេខ៥និងតាមទីប្រជុំជនក្រុង រួចបានបំបែកទៅតាមសង្កាត់ទាំង៧រៀងៗខ្លួន ។
លោក ខូយ រីដា បានថ្លែងអំណរគុណចំពោះមន្ត្រីបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ដែលបានចំណាយទាំងកម្លាំង សម្ភារចូលរួមដង្ហែរនៃយុទ្ធការឃោសនាស្វែងរកសម្លេងគាំទ្រយ៉ាងច្រើនកុះ បញ្ជាក់ឲ្យឃើញពីសណ្តានចិត្តស្មោះស្ម័គ្រជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោក បានប្រកាសថា គណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ ដែលជាលេខរៀងចុងក្រោយ ងាយចាំ ងាយស្រួលក្នុងការគួស ហេតុនេះសូមឲ្យបងប្អូន ប្រជាជននិងសមាជិកសមាជិការគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់បោះឲ្យចំលេខ១៨ នាំមកនូវការអភិវឌ្ឍន៍ថ្មីជាច្រើនទៀតជូនជាតិ និងមាតុភូមិ។
លោក បានជម្រាបជូនទៀតថា ៧២ឆ្នាំ កន្លងមកនេះគណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ដំណាក់កាលធំៗជាច្រើន និងឈរលើមូលដ្ឋានឥតប្រែប្រួលនូវគោល បំណងនិងឧត្តម គតិរបស់ខ្លួនគឺ ឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈប្រឹងប្រែងជម្នះ គ្រប់ឧបសគ្គហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាពសេរីភាព ប្រជាធិបតេយ្យអព្យាក្រឹតនិងវឌ្ឍនភាពសង្គម។ ភារកិច្ចធំៗរបស់យើងនៅដំណាក់កាលនេះគឺការពារ ការរស់ឡើងវិញរបស់ប្រជាជន ទប់ស្កាត់មិនឲ្យរបបប្រល័យពូជ សាសន៍វិលត្រឡប់មកវិញ ខិតខំស្តានិងកសាងសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដូចនេះយើងត្រូវពួត ដៃគ្នា សាមគ្គីគ្នាបន្តប្រឹងប្រែងថែមទៀត ប្រាកដជាទទួលបាននូវលទ្ធផលកាន់ល្អប្រសើរនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧នាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះជាក់ជាមិនខានឡើយ ។
លោកបញ្ជាក់ថា នៅក្នុងដំណើរយុទ្ធនាការនោះថា ការឃោសនាស្វែងរកការគាំទ្រពីមហាជននិងប្រជាជនគឺជាសក្ខីភាពយ៉ាងច្បាស់នូវការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជានិងបាននាំមកនូវសិទ្ធិ សេរីភាពពេញលេញទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយដោយមិនប្រកាន់ឬរើសអើងជាតិ សាសន៍ ព៌ណសម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ សំដៅកសាងសង្គមកម្ពុជាឲ្យមានភាពសុខដុមតាមគន្លងនីតិរដ្ឋ។ ជាទូទៅថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សបានបំពេញតួនាទី ភារកិច្ច របស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋាន យ៉ាងសកម្ម ដូច្នេះយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះ គឺជាឱកាស ដ៏ល្អប្រពៃ សម្រាប់បងប្អូនជាសកម្មជន និងជាឃោសនិក នៅតាមមូលដ្ឋាន ត្រូវបន្តអនុវត្តស្របតាមកម្មវិធីនយោបាយរបស់គណបក្សដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិនិងប្រជាពលរដ្ឋកម្ពុជា។នៅក្នុងយុទ្ធនាការឃោសនារយៈពេលជាង២១ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៣និងនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ហេតុនេះសូមឲ្យមន្ត្រីគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់បន្តចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មូលដ្ឋានអំពីសមិទ្ធិផលធំៗដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានមកដល់សព្វថ្ងៃនិងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាព៕
ដោយ៖ ប៉ឹម ពិន