ភ្នំពេញ ៖ សូមប្រយ័ត្ន! ជាពិសេសក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត គឺក្រុមចោរ Hackers កំពុងព្យាយាមសកម្មភាពបំផ្លាញនិងបោកអ្នកប្រើប្រាស់ Telegram! នេះជាការលើកឡើងពី លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
លោក ដួង តារា បានបញ្ជាក់ថា : បងប្អូនដែលកំពុងប្រើ Telegram សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះពេលនេះមានក្រុមចោរបច្ចេកវិទ្យា (Hacker) កំពុងព្យាយាមលួចយក Account បងប្អូនយកទៅបោកប្រាស់គេ។ ក្រុមនេះមានបណ្តាញនៅក្នុងនិងនៅក្រៅប្រទេស។ ពេលដែលពួកវាលួចយក Account យើងបាន (គឺលួចទាំងអត្តសញ្ញាណ ID របស់យើងជាម្ចាស់ពិត) គឺវាយកទៅបោកមនុស្សដែលមានទំនាក់ទំនងឬស្គាល់គ្នាជាមួយម្ចាស់ Account ទាំងអស់។ បើពួកវាបោកមិនបានលុយ ក៏បោកអោយគេចូលទៅមើល link ដែលវាផ្ញើទៅ ដើម្បីវាលួច (Hack) យក Account របស់គេទាំងនោះសម្រាប់យកទៅបោកបញ្ឆោតមនុស្សជាច្រើនទៀត។
សូមបងប្អូនកុំរពឹសដៃចុច Link ចូលមើលផ្តេសផ្តាសពេលដែលបានទទួលសារ (Message) ពីអ្នកស្គាល់គ្នា ឬពីមិត្តភ័ក្តិផ្ញើមកអោយសោះ ប្រសិនបើគេមិនបានខលមកប្រាប់មុននឹងផ្ញើមកអោយយើងចូលមើល។ ពេលដែលយើងបានទទួលសារចម្លែកៗបែបនោះ គឺច្បាស់ណាស់ Account នោះត្រូវបានHacker លួចបានរួចទៅហើយ ទើបវាផ្ញើសារឬខលមកកាន់យើង។ បើយើងលើកទទួលខលពីម្ចាស់ Telegram ហើយវាបិទវិញ (Hacker) សូមកុំព្យាយាមខលទៅវិញអោយសោះ ហើយក៏កុំតបសារ ឬចូលឆែក link ដែលវាផ្ញើអោយ គឺត្រូវតែបិទ (Block) វាអោយបានឆាប់ ហើយខលទៅលេខដៃ (Mobile phone) របស់ម្ចាស់តេឡេក្រាមដើម្បីសួរការពិត។
បើទទួលសារអ្វីដែលចម្លែកៗមិននឹកស្មានដល់ ឬក៏មិនដែលស្គាល់..ឬពេលខ្លះអាចជា Account profile ពីបុរសរូបសង្ហារ ឬពីនារីស្អាត! កុំរពឹសដៃ! កុំចេះតែចង់ចុច! កុំចេះតែហ៊ាន! ប្រយ័ត្នអស់តេឡេក្រាមប្រើ!
ជូនពរបងប្អូនសំណាងល្អ! ៕
ដោយ : សិលា