ភ្នំពេញ ៖ គ.ជ.ប បានបញ្ជាក់អំពី ជំនួបពិភាក្សាការងាររវាងប្រធាន គ.ជ.ប ជាមួយប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (la Francophonie) ។
នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី នៅទីស្តីការគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួប លោក ដេស៊ីរ៉េ នីយ៉ារូហឺរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែក កិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation internationale de la Francophonie “OIF”) ដែលដឹកនាំគណៈប្រតិភូមក សង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជួបសម្ដែង ការគួរសម និងពិភាក្សាការងារបោះឆ្នោត។ ជាកិច្ចចាប់ផ្តើម លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូដែលបានអញ្ជើញមកដល់ទីស្ដីការ គ.ជ.ប និងដើម្បីពិភាក្សាការងារបោះឆ្នោត។
លោក ដេស៊ីរ៉េ នីយ៉ារូហឺរីរ៉ា បានថ្លែងអំណរគុណដល់លោកប្រធាន គ.ជ.ប ដែលបាន ចំណាយពេលទទួលជួបគណៈប្រតិភូ OIF ក្នុងខណៈពេលដែល គ.ជ.ប មានការមមាញឹក រៀបចំការបោះឆ្នោត។ គណៈប្រតិភូបានមានប្រសាសន៍បន្តទៀតថា ប្រទេសកម្ពុជា ជាសមាជិក អង្គការ OIF ដ៏សំខាន់មួយដែរ ហើយថាវត្តមានរបស់គណៈប្រតិភូ OIF នៅពេលនេះ ដើម្បីបញ្ជាក់ពី ការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយ OIF ឱ្យកាន់តែរឹងមាំ។ បេសកកម្មរបស់ប្រតិភូ OIF នាពេលនេះ គឺមានបំណងជួបជាមួយស្ថាប័នរៀបចំការបោះឆ្នោត គណបក្សនយោបាយ និង អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ នៅពេលបញ្ចប់បេសកកម្ម គណៈប្រតិភូ OFនឹងចេញជា របាយការណ៍មួយពាក់ព័ន្ធនឹងការបោះឆ្នោត មានទាំងការផ្តល់អនុសាសន៏និងបង្ហាញពីចំណុច ខ្វះខាតដើម្បីឱ្យភាគី ភាគីកម្ពុជាបំពេញបន្ថែម។ នាពេលនេះ គណៈប្រតិភូ OIF ចងដឹងពីដំណើរការន ការរៀបចំការបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនគណៈប្រតិភូ OIF អំពីប្រវត្តិនៃការ បោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលរៀបចំ ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។ បន្ទាប់មកបានអនុម័តរដ្ឋធម្មនុញ្ញមួយសម្រាប់អនុវត្តនៅប្រទេសកម្ពុជា ហើយសភាធម្មនុញ្ញបាន ក្លាយទៅជាសភាជាតិ រួចក៏បានបង្កើតរដ្ឋាភិបាលស្របច្បាប់ និងបង្កើតច្បាប់ជាច្រើនជាបន្តបន្ទាប់ ដើម្បីដំណើរការនិងគ្រប់គ្រងប្រទេសកម្ពុជា។ ស្ថាប័ន គ.ជ.ប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ១៩៩៨ ដែលកម្ពុជារៀបចំការបោះឆ្នោត ដោយខ្លួនឯង និងរៀបចំការបោះឆ្នោតជាបន្តបន្ទាប់មកទៀតរហូតមកដល់បច្ចុប្បន្ន។ គ.ជ.ប បាន រៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល ទាំងអសកល ចំនួន ១៦លើក ដែល ការបោះឆ្នោតសកលមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយការបោះឆ្នោតអសកលមាន ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនបន្តទៀតថា នៅឆ្នាំ២០១៥ ការរៀបចំ ការបោះឆ្នោតត្រូវបានរៀបចំកែទម្រង់យ៉ាងស៊ីជម្រៅ ស្ថាប័នរៀបចំការបោះឆ្នោតត្រូវបានចែងនៅ ក្នុងរដ្ឋធម្មនុញ្ញ មានច្បាប់ស្តីពីរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ វិសោធកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ល។ គ.ជ.ប បានរៀបចំបទបញ្ញត្តិ និងនីតិវិធីសម្រាប់ការបោះឆ្នោត ផែនការមេ និងប្រតិទិននៃការបោះឆ្នោត ដើម្បីឱ្យគ្រប់ភាគីទាំងអស់អនុវត្ត។
ពាក់ព័ន្ធនឹងការចុះឈោ្មះបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាប ជូនថា ពីមុនការចុះឈ្មោះបោះឆ្នោតគឺធ្វើឡើងដោយដៃ បច្ចុប្បន្ន គ.ជ.ប ធ្វើការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោតដោយប្រើប្រព័ន្ធកុំព្យូទ័រ ហើយកម្មវិធីជាច្រើនទៀតត្រូវបានធ្វើឡើងតាម ប្រព័ន្ធកុំព្យូទ័រ ដូចជាការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន និង ការគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។ល។
ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនថា ការបោះឆ្នោតត្រូវធ្វើតាមប្រព័ន្ធសមាមាត្រ ដោយយករាជធានី ខេត្ត ជាមណ្ឌលបោះឆ្នោត។ អាសនៈក្នុងរដ្ឋសភា មានចំនួន ១២៥ រីឯមណ្ឌលបោះឆ្នោតមានចំនួន ២៥ នៅតាមរាជធានី ខេត្ត។ ឯកឧត្តមបានពន្យល់អំពីដំណាក់កាលនីមួយៗនៃដំណើរការរៀបចំការ បោះឆ្នោតរួមមាន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ។
សូមអានខ្លឹមសារ នៃសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីជំនួបពិភាក្សាការងាររវាងប្រធាន គ.ជ.ប ជាមួយប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (la Francophonie) ទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា