ខេត្តមណ្ឌលគិរី ៖ សកម្មភាពទទួលទិញឈើដែលប្រជាពលរដ្ឋកាប់អារដ៏អនាធិបតេយ្យចេញពីតំបន់ភ្នំព្រិចត្រូវបានក្រុមយាយម៉ាប់និងកូនៗរបស់គាត់ដែលមានទីតាំងសិប្បកម្មនៅឃុំមេម៉ង់ទទួលទិញ ក្លាយទៅជាមុខជំនួញល្មើសច្បាប់ជំនាញរបស់ពួកគាត់ទៅហើយ។ ដោយឡែកសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញភាគច្រើនដើរតួកន្ទេលធំបន្លំដេក ឬគិតផលប្រយោជន៍ពីសកម្មភាពទាំងនេះទៅវិញ ?
សូមបញ្ជាក់ថា : យាយម៉ាប់និងកូនប្រុសស្រីទាំង២នាក់នៅតែជាមេខ្លោង ក្នុងការប្រមូលទិញឈើមកផ្គត់ផ្គង់សិប្បកម្មរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង និងបន្តដឹកឈើចេញទៅលក់ថែមទៀតផង។ មួយរយ:ចុងក្រោយនេះ សកម្មភាពដឹកឈើចូលសិប្បកម្មរបស់យាយម៉ាប់ និងកូនរបស់គាត់មានការកើនឡើងគួរឱ្យកត់សម្គាល់។ យ៉ាងហោចណាស់ក៏ក្នុងមួយយប់ទីតាំងនីមួយៗ ប្រមូលទិញឈើពីប្រជាពលរដ្ឋដឹកតាមម៉ូតូនៅពេលយប់ ក្នុងមួយកន្លែងជិត៣០ម៉ូតូឯណោះ ដែលសកម្មភាពនេះក្លាយទៅជាវប្បធម៌ទម្លាប់ ត្រូវដងត្រូវផ្លែគ្នារួចទៅហើយជាមួយនឹង សមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ ទើបក្រុមឈ្មួញបន្តធ្វើអាជីវកម្មបានយ៉ាងស្រួលបែបនេះ។
អ្វីដែលគួរឱ្យកត់សម្គាល់ផងនោះ គឺទីតាំងសិប្បកម្មរបស់យាយម៉ាប់និងកូនៗនៅជិតស្នាក់ការបរិស្ថានមេម៉ង់ ក្រោមការគ្រប់គ្រងរបស់លោកសោម វិសាល និងដែនជម្រកសត្វព្រៃភ្នំព្រេចរបស់ លោក ព្រហ្ម វិបុលរតនៈ។
យាយម៉ាប់និងកូនប្រុសស្រីសុទ្ធតែមានទីកន្លែងផលិតគ្រឿងសង្ហារឹមរៀងៗខ្លួន ហើយនៅមិនឆ្ងាយពីស្នាក់ការបរិស្ថានមេម៉ង់នៃដែនជម្រកសត្វព្រៃភ្នំព្រេចប៉ុន្មានរយម៉ែត្រនោះឡើយ។
សូមបញ្ជាក់ជូនថា កន្លងទៅលោក ស្វាយ សំអ៊ាង អតីតអភិបាល ខេត្តមណ្ឌលគិរីយល់ព្រមតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ មិនអនុញ្ញាតឱ្យមានកន្លែងផលិតគ្រឿងសង្ហារឹមនៅក្បែរតំបន់ការពារបរិស្ថាននោះឡើយ។
ប៉ុន្តែសម្រាប់ លោក ព្រហ្ម វិបុលរតនៈ ក្នុងនាមនាយកដែនជម្រកសត្វព្រៃភ្នំព្រេចមិនខ្វល់នឹងសេចក្តីណែនាំរបស់អភិបាលខេត្តដែលធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននោះឡើយ។ មានន័យថា សេចក្តីណែនាំរបស់អតីតអភិបាលខេត្តនោះត្រូវបានលោក ព្រហ្ម វិបុលរតនៈ ចាត់ទុកថាជារឿងធម្មតាទៅហើយ។
ពាក់ព័ន្ធក្នុងករណីនេះ លោក សាន គឹមអ៊ាប អភិបាលនៃគណៈអភិបាលស្រុកកែវសីមា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា ចំពោះទីតាំងរបស់យាយម៉ាប់និងកូនៗរបស់គាត់ បើតាមខ្ញុំដឹង ដូចជាផុតច្បាប់អនុញ្ញាតទៅហើយ ប្រសិនបើមានសកម្មភាពបែបនេះមែន ខ្ញុំនឹងឱ្យមន្ត្រីចុះពិនិត្យផ្ទាល់ ដើម្បីហៅមកធ្វើកិច្ចសន្យាបញ្ឈប់ បើគាត់គ្មានច្បាប់អនុញ្ញាត ។ លោកអភិបាលស្រុកបានបន្តថា អ្វីដែលធ្វើមិនស្របច្បាប់ ខ្ញុំមិនអនុញ្ញាតជ្រែក ហើយក៏សូមអរគុណចំពោះការសួរនាំនេះផងដែរ។
លោក ព្រហ្ម វិបុលរតនៈ នាយកដែនជម្រកសត្វព្រៃភ្នំព្រេច តាមទូរស័ព្ទ លោកមិនបានធ្វើការបកស្រាយវែងឆ្ងាយអ្វីទេ ដោយគ្រាន់តែបញ្ជាក់ថា ចំពោះសិប្បកម្មរបស់ពួកគាត់មានច្បាប់ ឬអត់ច្បាប់ជាតួនាទីរបស់រដ្ឋបាលព្រៃឈើ ដូច្នេះអាចសួរទៅខាងនោះចុះ ។ ចំពោះករណីដែលមានការកាប់និងអារឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ដឹកតាមម៉ូតូមកលក់ឱ្យក្រុមកូនចៅយាយម៉ាប់និងភរិយាតាអ៊ុច លោកមិនបានបកស្រាយឡើយ។
យាយម៉ាប់ តាមទូរស័ព្ទជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” គាត់បាននិយាយថា កាលពីមុន ខ្ញុំបានធ្វើសិប្បកម្មមែននិងមានច្បាប់អនុញ្ញាត ។ ប៉ុន្តែមួយរយៈនេះខ្ញុំបានឈប់ធ្វើហើយ ក្នុងនោះក៏បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ជាមួយនឹងរដ្ឋបាលព្រៃឈើ ក៏ដូចជាអាជ្ញាធរស្រុក។ លោកស្រីបន្តថា ខ្ញុំឈប់ធ្វើហើយ ព្រោះគ្មានពេលឯណា បើរវល់តែធ្វើផ្ទះមិនទាន់នឹងហើយផង។ ដោយឡែកចំពោះកូនៗរបស់ខ្ញុំ គេធ្វើ គេរកស៊ីនោះជារឿងរបស់ពួកគេ ខ្ញុំអត់ដឹងទេ… សូមសួរទៅកាន់ពួកគេចុះ។
លោកស្រី ណារិន ដែលជាកូនយាយម៉ាប់ បានប្រាប់តាមទូរស័ព្ទថា ខ្ញុំមិនមែនជាអ្នកធ្វើសិប្បកម្មឬក៏ប្រមូលទិញឈើតាមម៉ូតូដូចដែលគេបានចុះផ្សាយ និងមានរូបភាព តាមពិតរូបភាពទាំងនោះ មិនមែនជាកន្លែងរបស់ខ្ញុំទេ។ លោកស្រីបានបន្តថា, ខ្ញុំឈប់ធ្វើសិប្បកម្មនេះ ប្រហែលមួយឆ្នាំទៅពីរឆ្នាំហើយ ។ សូម្បីតែបងពៅ ក៏គាត់មិនបានធ្វើសិប្បកម្មនេះដែរ ។
ឈ្មោះ ណារីន ដែលជាកូនយាយម៉ាប់ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយទូរស័ព្ទត្រូវបានបិទ។
សូមបញ្ជាក់ថា : ករណីធ្វើអាជីវកម្ម សិប្បកម្មនៅចំណុចភូមិ-ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជិតស្នាក់ការឃុំមេម៉ង់ , ជិតស្នាក់ការបរិស្ថានមេម៉ង់ គឺជារបស់កូនចៅយាយម៉ាប់ មានឈ្មោះដូចជា ណារិន , ណារីន និងកូនប្រសាឈ្មោះ ម៉េង ឃាង (ហៅពៅ) គាត់ជាសមត្ថកិច្ចផងដែរ។ បើនៅខេត្តជាសិប្បកម្មរបស់តាអ៊ុច , តាអ៊ុចបានទទួលមរណភាពប៉ុន្មានខែមុននេះ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ។ បច្ចុប្បន្នប្រពន្ធរបស់គាត់ ជាអ្នកគ្រប់គ្រង និងបន្តធ្វើសិប្បកម្មដដែល ។
មន្ត្រីខ្លះបានទម្លាយថា សិប្បកម្មនៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ម៉ាស៊ីនធ្វើសិប្បកម្មមានច្បាប់ តែច្បាប់ផ្គត់ផ្គង់ឈើគ្មានទេ ដោយគ្មានកិច្ចសហការជាមួយនឹងក្រុមហ៊ុនព្រៃសម្បទានស្របច្បាប់ ។ ២ឆ្នាំមុនមានច្បាប់មែន ដោយសារទទួលទិញពីក្រុមហ៊ុនរបស់ឧកញ៉ាល័ក្ខ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេធ្វើលោតឆត្រ ឈើទាំងអស់ប្រមូលទិញពីប្រជាពលរដ្ឋដឹកតាមម៉ូតូ ដែលអារនិងកាប់ចេញពីតំបន់ដែនជម្រកសត្វភ្នំព្រិច ។
លោក អ៊ូ ភក្ដី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេថា តើទីតាំងសិប្បកម្មរបស់ឈ្មោះខាងលើនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ ហើយបើមានច្បាប់អនុញ្ញាតត្រឹមត្រូវ តើម្ចាស់ទីតាំងទាំងអស់នោះមានសិទ្ធិប្រមូលទិញឈើពីប្រជាពលរដ្ឋដែលដឹកតាមម៉ូតូដែរឬទេ ? ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ៕
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”