សុខភាព៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការកើនឡើងនូវភាពអត់ឃ្លាន ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយម្ហូបអាហារ ការបំពុលសមុទ្រ។ រឿងទាំងអស់នេះមិនអាចបន្តទៀតបានទេ។ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជន ដែលមិនធ្លាប់មាននៅលើភពផែនដីតែមួយ គេត្រូវចាប់ផ្តើមអនុវត្តន៍កម្មវិធី Sustainable Circular Bioeconomy ពីពេលនេះ។ យុទ្ធសាស្រ្តខាងលើនេះ នឹងជួយដល់ការផលិត ប្រើប្រាស់ អភិរក្ស និងស្ដារឡើងវិញធនធានជីវៈចម្រុះ ប្រកបដោយនិរន្តរភាព។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា វិធីសាស្រ្តចំនួន ៥យ៉ាង ដែលអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ កំពុងអនុវត្ត រួមមានដូចខាងក្រោម៖
១. កាត់បន្ថយការបោះចោលចំណីអាហារ និងកាកសំណល់នានា ដោយការពង្រឹង ការទុកដាក់កែច្នៃ អាហារដែលបាត់បង់ ឬខ្ជះខ្ជាយ ក៏ដូចជាសំណល់កសិកម្ម និងសត្វជាដើម។
២. ស្វែងរកដំណោះស្រាយបែបជីវសុវត្ថិភាព ដូចជាកម្មវិធីមីក្រូជីវៈ (microbiome) និងបង្កើតជាជីសរីរាង្គ ដើម្បីជួយដល់ផលិតអាហាររបស់យើង ត្រឡប់មកវិញ។
៣. កាត់បន្ថយការបំពុលដោយប្លាស្ទិក។ ផ្តល់ជម្រើសការប្រើប្រាស់សម្ភារៈផ្សេងទៀត ដែលមិនប៉ះពាល់បរិស្ថាន ជំនួសឲ្យប្លាស្ទិក។
៤. ធ្វើពិពិធកម្មរបបអាហារ ដោយពង្រឹងការផ្សព្វផ្សាយ អំពីគុណភាពដំណាំក្នុងស្រុក ដែលមានជីវជាតិខ្ពស់។
៥. ការស្ដារឡើងវិញនូវដីដែលខូចគុណភាព បញ្ឈប់ការបំផ្លាញជីវៈចម្រុះ និងការកែលម្អការគ្រប់គ្រងខ្សែច្រវាក់ចំណីអាហារ។
Sustainable Circular Bioeconomy ធ្វើឱ្យការផលិតស្បៀងអាហារបានល្អប្រសើរ បង្កើនអាហាររូបត្ថម្ភ កាន់តែប្រសើរ ការពារបរិស្ថានកាន់តែប្រសើរ និងជួយឱ្យការរស់នៅកាន់តែប្រសើរ សម្រាប់ទាំងអស់គ្នា៕
ដោយ៖សហការី