ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៖ អាទិភាពគន្លឹះចំនួន៥សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ ៖ ប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ដែលមានមេដឹកនាំប្រទេសវ័យក្មេង ប្រកបដោយថាមពល ចំណេះគុណដឹង គុណធម៌ សមត្ថភាព ។ 

សូមបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល សម្រេចកំណត់យកនូវអាទិភាពគន្លឹះចំនួន៥សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បងតាមរយៈបញ្ចកោណយុទ្ធសាស្រ្ត នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្រ្តទាំងមូល។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក៏មានគោលដៅយុទ្ធសាស្រ្តចំនួន៥រួមមាន៖

ទី១- ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា។

ទី២- បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន។

ទី៣- សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។

ទី៤- បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ដ៏ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម។

ទី៥- ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។ 

ជូនពរគណរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕

ដោយ ៖ សិលា


ចែករំលែក៖