ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសូមសម្តែងនូវការអបអរសាទរ យ៉ាងក្រៃលែងចំពោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោសពីជាប់ពន្ធនាគារ រយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ ការអបអរសាទររបស់ សម្តេចតេជោ ហ៊ុន សែន គឺបន្ទាប់ពីព្រះមហាក្សត្រថៃបានបន្ថយទោសដល់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីការជាប់ពន្ធនាគារ ៨ឆ្នាំ មកនៅត្រឹម ១ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមតេឡេ ក្រាមនៅរសៀលថ្ងៃទី១ ខែកញ្ញា នេះថា ៖ “ខ្ញុំសូមសម្តែងនូវការអបអរសាទរ យ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈ ពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ សូមជូនពរឱ្យបងប្រុសជួបប្រទះ តែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ”។
សូមបញ្ជាក់ថា : នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ បានប្រកាសឱ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣។
ការព្រះរាជទានបន្ធូរបន្ថយទោសខាងលើកើតមានឡើង បន្ទាប់ពីអតីតមេដឹកនាំថៃវ័យ៧៤ឆ្នាំរូបនេះ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា លោកអតីតនាយករដ្ឋមន្រ្តីថៃ បានទទួលយកបទឧក្រិដ្ឋរបស់លោក ហើយរូបលោកបានបង្ហាញ ការសោកស្តាយជាខ្លាំង។ សេចក្តីថ្លែងការណ៍ដដែល ក៏បានលើកឡើងថា លោក ថាក់ស៉ីន កំពុងឈឺថ្កាត់ផងដែរ។
គួរបញ្ជាក់ថា លោក ថាក់ស៉ីន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់បទល្មើសរំលោភអំណាច និងទំនាស់ផលប្រយោជន៍ បន្ទាប់ពីរូបលោកបានវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួន អស់រយៈពេល១៥ឆ្នាំ។ លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦ ៕
ដោយ ៖ សហការី