ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់​ពីក្នុងរោងចក្រផលិតទឹកកក​មួយកន្លែងនៅខណ្ឌឫស្សីកែវ បណ្ដាលឱ្យមនុស្សប្រុសស្រីជាង២០នាក់ដួលសន្លប់ត្រូវដឹកទៅសង្គ្រោះបន្ទាន់

ចែករំលែក៖

ភ្នំពេញ​ ៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង២០នាក់បានដួលសន្លប់ជាបន្ដបន្ទាប់ និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះបន្ទាន់​ ក្នុងករណីផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់​ចេញពីក្នុងរោងចក្រផលិតទឹកកក​មួយកន្លែង​ យីហោ ឈាង មួ​ នៅជាប់បណ្ដោយផ្លូវបេតុងក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ នាវេលាម៉ោង៧​ និង៣០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។ 

​     យោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរោងចក្រផលិតទឹកកកមួយកន្លែងយីហោ ឈាង មួ ខាងលេីកំពុងដំណើរការផលិតទឹកកក និងមានកម្មករធ្វើការជាធម្មតា។លុះក្រោយមកស្រាប់តែផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ បង្កឱ្យសាយភាយពេញតំបន់ក្បែរៗនោះតែម្ដង​ ដោយបង្កឱ្យមានអ្នកដួលសន្លប់ជាច្រើននាក់ ខណៈដែលអ្នកខ្លះដឹងខ្លួនទាន់ក៏រត់ចេញពីតំបន់នោះ​ដេីម្បីរកកន្លែងមានសុវត្ថិភាពព្រោះធំក្លិនចំហាយមិនបាន និងអ្នកខ្លះទៀតរត់ចេញមិនទាន់ហូរទឹកភ្នែកពិបាកដកដង្ហើមក៏ដួលសន្លប់ទៅ។ 

​    ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ លោក ឯក ឃុនដឿន អភិបាល​ នៃគណៈអភិបាលខណ្ឌឫស្សីកែវ​បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើអន្តរាគមន៍និងដោយមានការចូលរួមពីរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ នឹងរថយន្ដពន្លត់អគ្គិភ័យ​មកត្រៀមជួយដឹកប្រជាពលរដ្ឋរងគ្រោះទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិតភ្លាមៗ​ផងដែរ។ រីឯរោងចក្រផលិតទឹកកកដែលធ្លាយចេញនូវឧស្ម័នបណ្ដាលឱ្យប្រជាពលរដ្ឋដួលសន្លប់នោះ​អាជ្ញាធរជំនាញបានចាត់ការបន្តតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖