ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំរឿងប្រាក់ខែកម្មករ ភាគីសហជីពស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកដាក់តួលេខ ២០១ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកដាក់តួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារអាម៉េរិក។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ តាមការអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដោយ៖ សហការី


ចែករំលែក៖