ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួង​ធនធាន​ទឹក​៖​ មន្រ្តីជំនាញ​ ត្រូវបន្តយកចិត្តទុកដាក់ចំពោះតួនាទី ភារកិច្ច និងត្រៀមលក្ខណៈឆ្លើយតបគ្រោះមហន្តរាយណាមួយដែលអាចកើតមានឡើងជាយថាហេតុ

ចែករំលែក៖

ខេត្តសៀមរាប​៖​ ក្រសួងធនធានទឹក និងឧតុនិយម  បានឱ្យដឹងថា​ ក្នុងរយៈពេល​ពីរ​ថ្ងៃ​ លោក​ ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយសហការី និងលោកប្រធានមន្ទីរខេត្ត បានបន្តចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ 

នាឱកាស​ក៏មានការអមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងមន្ត្រីជំនាញ បានចុះពិនិត្យផ្ទាល់នៅទីតាំងទំនប់អាងម្កាក់​ នៅក្នុងភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង និងទំនប់បង្ហៀរអាងទឹកស្ទឹងស្រែង១ នៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី០២ និងព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ 

បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរ​ បានឱ្យដឹងថា ស្ថានភាពទូទៅនៃការងារបង្កបង្កើនផលស្រូវរដូវវស្សា  មានការលូតលាស់ល្អ និងមានទឹកគ្រប់គ្រាន់ គឺពុំមានបញ្ហាប្រឈម និងកង្វះទឹកនោះទេ។  លោកបានបញ្ជាក់ថា បរិមាណទឹកភ្លៀងគិតមកដល់ពេលនេះមានបរិមាណ ៩២៧,៣មម នៅស្ថានីយបាគង បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២ គឺមានបរិមាណ ១ ២០៥,៨មម ដែលលើសឆ្នាំ២០២៣ ចំនួន២៧៨,៥មម។

បន្ទាប់ពីចុះពិនិត្យរួចរាល់ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តធ្វើរបាយការណ៍ជូនលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដើម្បីចុះសិក្សាទំនប់អាងម្កាក់ លើប្រឡាយមេ ស្ពានខៀវ ទំនប់អាងក្រពើ និងលើកគម្រោងដាក់ជូនទៅនាយកដ្ឋានវិស្វកម្ម ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ។ 

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក៏បានណែនាំឱ្យសិក្សាប្រឡាយមេមួយខ្សែខាងកើតផ្លូវជាតិលេខ៦៨ ពីខេត្តឧត្តរមានជ័យមកកាន់ភូមិសាស្ត្រស្រុកក្រឡាញ់ និងស្រុកពួកផងដែរ។

លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការក្នុងមន្ទីរ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករបានទាន់ពេលវេលា។ 

ជាចុងក្រោយ​ លោករដ្ឋលេខាធិការ​ ក៏បានធ្វើការផ្ដាំផ្ញើបន្ថែមដល់លោកប្រធានមន្ទីរ ត្រូវបន្តយកចិត្តទុកដាក់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន និងត្រៀមលក្ខណៈឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយណាមួយដែលអាចកើតមានឡើងជាយថាហេតុ៕

ដោយ​៖ សហការី​


ចែករំលែក៖