ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី ដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងអង្គភាពនៅទីស្តីការក្រសួង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងអង្គភាពនៅទីស្តីការក្រសួង។

សូមបញ្ជាក់ថា ៖ អគ្គនាយកដ្ឋានសេវាសង្គមកិច្ច មានតួនាទីនិងភារកិច្ចផ្តល់សេវាសង្គមកិច្ចទូទៅក្នុង គោលបំណងគាំពារគុណភាពជីវិត សេចក្តីថ្លៃថ្នូរ ការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពរស់នៅ បង្ការទប់ស្កាត់បញ្ហាប្រឈមនានារបស់ជនរងគ្រោះ ជនងាយរងគ្រោះតាមរយៈសកម្មភាព និងអន្តរាគមន៍កម្រិតបុគ្គល គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គមនិងនយោបាយ។ អគ្គនាយកដ្ឋានមាននាយកដ្ឋានចំនួន៤ រួមមាន៖ 

១. នាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន (មានមណ្ឌលមនុស្សចាស់ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ) ។

២.នាយកដ្ឋានកិច្ចការពារកុមារ ។

៣.នាយកដ្ឋានកិច្ចការគ្រួសារ ។ 

និង៤. នាយកដ្ឋានគាំពារជនរងគ្រោះ (គ្រប់គ្រងបុរីទារកនិងកុមារជាតិ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងមណ្ឌលសំចតសង្គមកិច្ច ស្ថិតក្នុងក្រុងប៉ោយប៉ែត)។

អគ្គនាយកដ្ឋានសេវាសង្គមកិច្ចមានតួនាទីរៀបចំទិវាមនុស្សចាស់ និងរៀបចំទិវាអតីតយុទ្ធជនកម្ពុជា ទិវានារីអន្តរជាតិ ៨មីនា និងទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា។

អគ្គនាយកដ្ឋានសេវាសង្គមកិច្ចមានមន្ត្រីរាជការក្រោមឱវាទសរុបចំនួន១៥៥និងបុគ្គលិកកិច្ចសន្យាសរុបចំនួន ៨៤នាក់ ៕

ដោយ ៖ សហការី


ចែករំលែក៖