ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាណន់​ ឃាត់ខ្លួនមុខសញ្ញាគ្រឿង​ញៀនចំនួន០២នាក់នៅក្នុងមូលដ្ឋានយកមកអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖​ លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅព្រឹកថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកវរសេនីយ៍ទោ​ សំ​ វីរះ​ អ​ធិការនគរបាលស្រុកបាណ​ន់​​ បានដឹកនាំកម្លាំងផ្នែកប្រឆាំ​ងគ្រឿង​ញៀនរួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកចុះល្បាតក្នុងភូមិសាស្រ្ត​ និងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង​ កាលពីរសៀលម្សិលមិញនេះ​ នៅចំ​ណុចភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ 

បើតាមការបញ្ជាក់របស់លោក​ វរសេនីយ៍ទោ​ សំ​ វីរះ​ អ​ធិការនគរបាលស្រុកបាណ​ន់​ បានឱ្យដឹងនៅថ្ងៃទី០៨​ ខែកញ្ញា​នេះដែរថា៖​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុត សឿត ភេទប្រុសអាយុ​៣៣​ឆ្នាំ មានទី​លំនៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ 

ចំណែក​វត្តុតាងចាប់យកបានរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣ថង់​ ,សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ ,ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA ឌ្រីម​ ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ផ្លាកលេខបាត់ដំបង 1AM-1104 ,ទូរស័ព្ទដៃចំនួន01គ្រឿង។

ក្នុងប្រតិបត្តិការនោះ​ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលេីនិងដោយបានការអនុញ្ញាតពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអ​យ្យការ​ អមសាលាដំបូងខេត្តបាត់​ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់​ ឃាត់ខ្លួនជន​សង្ស័យចំនួន០១នាក់ទៀត នៅចំ​ណុ​ចភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃដដែលវេលាម៉ោង១៤​និង១០​នាទីដែលជន​សង្ស័យឈ្មោះ តាប់ វឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់​ដំបង (ជាមេខ្លោង) ។ 

ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA ឌ្រីម​សេ១២៥​ ពណ៌ខ្មៅ ស៊េរីឆ្នាំ 2009 ពាក់ស្លាកលេខភ្នំពេញ 1AG-2118​ ,ទូរស័ព្ទដៃចំនួន01គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងខាងលើត្រូវបានន​គរបាលស្រុកបាណន់ កសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធី​ច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖