ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូលឿនពេកដល់ផ្លូវកោងបណ្ដាលឱ្យជ្រុលទៅបុកបង្គោលចំណាំងផ្លាតដួលស្លាប់២នាក់រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រភពពីមហាជននៅជិតកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូបើកលឿនបានជ្រុលទៅបុកបង្គោលចំណាំងផ្លាតបណ្ដាលឱ្យស្លាប់២នាក់របួសធ្ងន់ម្នាក់នៅចំណុចផ្លូវកោងចំការហង្សមាសផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។

 តាមប្រភពនៅកន្លែងកើតហេតុបានបន្តថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងជិះគ្នា៣នាក់បានបើកបរក្នុងទិសដៅពីលិចទៅកើត ពេលបើកមកដល់ផ្លូវកោងក៏ជ្រុលទៅបុកចំណាំងផ្លាតបណ្ដាលឱ្យមនុស្សស្លាប់០២ នាក់,រងរបួសធ្ងន់ម្នាក់,ខូចខាតម៉ូតូ ០១គ្រឿង ។

   ជនរងគ្រោះទី១ឈ្មោះ ម៉ម មួយគា ភេទស្រី អាយុ១៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ប៉ាវរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AM-6821 (ស្លាប់នៅកន្លែងកើតហេតុ)។

ទី២.ឈ្មោះ អ៊ូ កញ្ញា  ភេទស្រី អាយុ១២ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិប៉ាវរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នករួមដំណើរ (ស្លាប់នៅកន្លែងកើតហេតុ )។

ទី៣-ឈ្មោះ កែវ សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ បច្ចុប្បន្ននៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្ត)។

    សមត្តកិច្ចជំនាញបន្តទៀតថា  មូលហេតុនៃគ្រោះថ្នាក់មកពីកត្តាមនុស្សបើកបរល្បឿនលឿនលើផ្លូវកោងបណ្ដាលឱ្យគ្រោះថ្នាក់ ។

    រីឯសពនិងម៉ូតូក្រោយពីកើតហេតុត្រូវបានកម្លាំងជំនាញនគរបាលក្រុងប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

ដោយ៖ ស សារ៉េត


ចែករំលែក៖